ការប្រារព្វទិវាជំងឺឃ្លង់ពិភពលោកក្នុងប្រទេសកម្ពុជា
នៅប្រទេសកម្ពុជា និងនៅកន្លែងផ្សេងៗទៀត ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់នៅតែបន្តប្រឈមនឹងការបដិសេធពីសង្គម។ជារៀងរាល់ឆ្នាំទិវាជំងឺឃ្លង់ពិភពលោកផ្តល់នូវឱកាសក្នុងការរំឭកប្រជាពលរដ្ឋ ដែលធ្លាប់បានព្យាបាលថា ជំងឺនេះលែងឆ្លងទៀតហើយ។ ដូច្នេះ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ ក្រុមការងារមូលនិធិ CIOMAL បានរៀបចំប្រារព្ធពិធីមួយនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) នៅរាជធានីភ្នំពេញ។ អតីតអ្នកជំងឺជាង ៦០ នាក់មកពីទូទាំងប្រទេសដើម្បីរាំច្រៀង។ នេះគឺជាសេចក្តីថ្លែងរបស់ពួកគេ។
លោក ឡាន អ៊ុល មកពីស្រុកសូត្រនិគមន៍ ខេត្តសៀមរាប
លោក ឡាន អ៊ុល លែងមានច្រមុះទៀតហើយ។ ដោយសារការអាម៉ាស់ចំពោះស្ថានភាពរបស់គាត់ គាត់តែងតែលាក់ខ្លួនឲ្យឆ្ងាយពីអ្នកដទៃហើយកម្រនិយាយស្តីណាស់។ ក្នុងនាមជាឪពុកដែលមានកូនបីនាក់ គាត់ត្រូវបានបំផ្លាញយ៉ាងរហ័សដោយសារជំងឺឃ្លង់ដែលមានបាក់តេរីច្រើនក្នុងឆ្នាំ២០១៥។ គ្រួសារទាំងមូលរបស់គាត់បាននាំគ្នាបែរខ្នងដាក់គាត់។ ជំងឺនេះធ្វើឲ្យខូចរូបរាងនិងស៊ីខ្ទេចខ្ទីអស់ធ្វើឲ្យគាត់ធ្លាក់ខ្លួន គ្មានផ្ទះសម្បែង។ ទ្រព្យសម្បត្តិតែមួយគត់របស់គាត់ គឺទូកតូចមួយដែលបានក្លាយទៅជាផ្ទះរបស់គាត់ដោយលាក់ខ្លួននៅក្នុងគុម្ពោតព្រៃដុះតាមមាត់បឹងទន្លេសាប។ “ព្រះសង្ឃមកពីវត្តតែងតែយកចំណីអាហារមួយចំនួនមក ជួនកាលឲ្យលុយខ្ញុំទៀត។ ថ្ងៃមួយអ្នកលក់នំប៉័ងម្នាក់បានប្រាប់កាកបាទក្រហម ហើយបន្ទាប់មកក៏បានបញ្ជូនខ្ញុំទៅមេភូមិ។ គាត់បានទូរសព្ទទៅមូលនិធិ CIOMAL ហើយនោះជារបៀបដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដែលខ្ញុំបានទទួលការព្យាបាល”។ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១០ លោក ឡាន អ៊ុល ដែលនៅ ព្យាបាលនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) បានចូលរួមពិធីបុណ្យនេះ។ ដោយអ្នកជំងឺដែលជាមិត្តរបស់គាត់អូសគាត់ឲ្យរាំលេង គាត់បានរាំលេងពេញមួយរសៀល។ “នៅទីនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំជាផ្នែកមួយនៃគ្រួសារដ៏ធំមួយ។ គ្មាននរណាម្នាក់វិនិច្ឆ័យខ្ញុំទេ។ ខ្ញុំមិនដែលគិតថាខ្ញុំនឹងរកឃើញបរិយាកាសដូចនេះទេ”។
វ៉ាន់ និង ជឿន មកពីខេត្តព្រៃវែង
វ៉ាន់ និង ជឿន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ នៅឆ្នាំ២០១៥ នៅពេលដែលគាត់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីទទួលការព្យាបាលដំបៅ លោក វ៉ាន់ បានកត់សម្គាល់ឃើញអ្នកនាងជឿនដែលជាអ្នកជំងឺដូចគ្នាដែរ។ រំភើបនឹងភាពស្រស់ស្អាតរបស់នារីវ័យក្មេង គាត់មិនអាចឈប់ សំឡឹងមើលនាងបានទេ។ “ខ្ញុំមិនបានដឹងអ្វីទាំងអស់” អ្នកនាងជឿនបាននិយាយទាំងសើច។ នាងទើបតែចាកចេញ ពីស្វាមីដែលជាមនុស្សហិង្សាម្នាក់។ មួយសប្តាហ៍ក្រោយមក លោកវ៉ាន់ ដែលបានជាសះស្បើយ ហើយក៏ត្រូវចាកចេញ។ ប៉ុន្តែគាត់អាចសុំបានលេខទូរសព្ទពីសង្សាររបស់គាត់ ហើយបានចាប់ផ្តើមទូរសព្ទទៅរកនាងដើម្បីនិយាយពាក្យផ្អែមល្ហែម។ ដំបូងអ្នកនាង ជឿន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនាងក៏យល់ព្រមភ្លាមៗ។ គាត់បានមករង់ចាំខ្ញុំចាកចេញពីមន្ទីរពេទ្យ ហើយខ្ញុំបានទៅនៅជាមួយគាត់ក្នុងខេត្តព្រៃវែង។ ជីវិតមិនងាយស្រួលទេជារៀងរាល់ថ្ងៃ។ យើងត្រូវមើលថែទាំជ្រូក គោ និងមាន់របស់ពួកយើង ប៉ុន្តែយើងស្រឡាញ់និងជួយគ្នា។ គូស្នេហ៍ទាំងពីរនាក់នេះរាំមិនឈប់ឡើយក្នុងពិធីបុណ្យនេះ។
សឿន កៃ ជាសិស្សនៅស្រុកពួក ខេត្តសៀមរាប
“ខ្ញុំមានអាយុ ១៥ ឆ្នាំនៅពេលខ្ញុំដឹងថាខ្ញុំមានជំងឺឃ្លង់។ ចំពោះខ្ញុំ ពាក្យនេះមានន័យថាការបដិសេធនិង ភាពអាម៉ាស់។ ពិភពលោកទាំងមូលរបស់ខ្ញុំត្រូវបានរលាយខ្ទេចអស់។ ខ្ញុំចង់តែស្លាប់ទេ។ ខ្ញុំក៏ត្រូវបាននាំយកទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីទទួលបានការព្យាបាល ហើយនោះជាកន្លែងដែលខ្ញុំបានរកឃើញពិភពលោកថ្មីមួយដែលខ្ញុំមិនធ្លាប់ដឹងសោះថាមាន រហូតទាល់តែដល់ពេលនោះ។ មនុស្សទាំងអស់នោះគ្មានដៃឬជើង ហើយខ្លះទៀតមិនមានមុខផង ប៉ុន្តែពួកគេហាក់ដូចជាមានភាពក្លាហានណាស់! ចំពោះខ្ញុំផ្ទាល់ ខ្ញុំមានជំងឺខូចជើងម្ខាង ដូច្នេះខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាងហើយបើប្រៀបធៀបជាមួយពួកគាត់។ នោះហើយជាពេលដែលខ្ញុំសម្រេចថា ត្រូវតែគ្រប់គ្រងខ្លួនឯងវិញ។” ដោយសារអាហារូបករណ៍របស់មូលនិធិ CIOMAL កញ្ញា សឿន កៃ អាចបន្តការសិក្សារបស់នាង ប៉ុន្តែនាងត្រូវប្រឈមនឹងការបដិសេធពីសិស្សដទៃទៀតនៅសាលារបស់នាងផងដែរ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចកាលពី២ឆ្នាំមុន បុគ្គលិកមូលនិធិ CIOMAL បានសម្រេច ចិត្តធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅសាលារៀន។ ដោយសារការអន្តរាគមន៍របស់គ្រូបង្រៀនរបស់នាង មិត្តភក្ដិរបស់នាងក៏បានទទួលក្មេងស្រីម្នាក់នេះវិញ។ “ខ្ញុំចង់ក្លាយជាគ្រូបង្រៀន។ ខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ខ្ញុំ និងការតស៊ូប្រឆាំងនឹងការមាក់ងាយ[នៃជំងឺឃ្លង់]“។ ដោយសំឡេងដ៏ពីរោះរបស់នាង កញ្ញា សឿន កៃ នាងត្រូវបាន ស្នើសុំឲ្យច្រៀងនៅពិធីអាពាហ៍ពិពាហ៍។ នៅថ្ងៃទី២៤ ខែមករា នាងបានចូលរួមក្នុងក្រុមតន្រី្តមួយ។ ថ្ងៃនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សដែលមានជំងឺឃ្លង់។ នៅផ្ទះវិញ ពួកគេមិនហ៊ានរាំបែបនេះទេ ព្រោះពួកគេ ខ្លាចត្រូវគេបដិសេធ។”