ការទប់ស្កាត់ /ការលើកកម្ពស់ការយល់ដឹង

ការទប់ស្កាត់ /ការលើកកម្ពស់ការយល់ដឹង

ការទប់ស្កាត់

បើនិយាយឲ្យប្រាកដទៅ ការរកឃើញជំងឺឃ្លង់មិនមានទេ ដោយសាររបៀបដែលជំងឺនេះត្រូវបានចម្លង​ និងទទួលរង​នៅ​តែមិនទាន់ដឹងច្បាស់លាស់ ដោយសារតែរយៈពេលនៃការបង្ករោគនៃ​ជំងឺនោះ​មានរយៈ​ពេល​យូរខ្លាំង។       មធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺតាមរយៈការរកឃើញយ៉ាងឆាប់រហ័សនូវ​ករណី​ថ្មីៗ​និងលទ្ធភាពទទួលបានការព្យាបាលទាន់ពេលវេលា ដើម្បីបញ្ឈប់ការរីករាលដាលដល់អ្នកដទៃ​ និង​ទប់ស្កាត់​ពិការភាព​ធ្ងន់ធ្ងរ​ទាក់ទងនឹងជំងឺនេះ។

ការទប់ស្កាត់ពិការភាព

ដូច្នេះ ការទប់ស្កាត់តម្រូវឲ្យមានការលើកកម្ពស់ការយល់ដឹងសាធារណៈនៅក្នុងតំបន់ជនបទ និងទីក្រុង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយចំណេះដឹងអំពីជំងឺនេះឲ្យបានទូលំទូលាយដែលអាចធ្វើទៅបាន ព្រមទាំងការបណ្តុះបណ្តាល​បុគ្គលិក​ថែទាំសុខភាព។

ដោយសារការខូចសរសៃប្រសាទជាយខាងរបស់ពួកគេមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់អាចធ្វើឲ្យ​ខ្លួន​ពួកគេ​មានរបួស ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពប្រចាំថ្ងៃ។ បន្ទាប់មក ពួកគេអាចនឹងមានដំបៅ​ធ្ងន់​ធ្ងរ។ ហានិភ័យនេះអាចត្រូវបានកាត់បន្ថយដោយការថែទាំខ្លួនឯងឲ្យបានត្រឹមត្រូវ។ មនុស្ស​ដែល​ទទួលរងផល​​ប៉ះ​ពាល់​ដោយសារជំងឺឃ្លង់ទទួលបានការបណ្តុះបណ្តាលអំពីការថែទាំជាមូលដ្ឋានក្នុងអំឡុងពេលពួកគេស្នាក់​នៅ​​​​​មជ្ឈ​មណ្ឌល​កៀនឃ្លាំង ឬក្នុងអំឡុងពេលបុគ្គលិកថែទាំ​សុខភាព​ចុះ​ត្រួត​ពិនិត្យ។

ការបណ្តុះបណ្តាលពីការថែទាំដោយខ្លួនឯង រួមមានការធ្វើលំហាត់ប្រាណ ការរៀនពីជំហានសាមញ្ញ​ដើម្បី    ព្យា​បាល​​​មុខ​​របួស ការធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាការចម្អិនអាហារ ឬការដាំដំណាំប្រកបដោយសុវត្ថិភាព។

ការបណ្តុះបណ្តាលទាំងនេះរួមមាន៖

  • ការវាយតម្លៃរាងកាយដោយអ្នកឯកទេសព្យាបាលដោយចលនា
  • ការបង្ហាត់ពីការថែទាំដោយខ្លួនឯង និងលំហាត់ប្រាណជាក់ស្តែងដែលផ្ដោតទៅលើភ្នែក ជើង និងដៃ
  • ការអនុវត្តការប្រើឧបករណ៍ និងសម្ភារចាំបាច់ក្នុងជីវិតប្រចាំថ្ងៃដើម្បីជៀសវាងការរងរបួស
  • ចែកចាយស្បែកជើងនិងសម្ភារសមស្របផ្សេងៗ (ស្រោមដៃ វ៉ែនតា) ។
  • អ្នកចូលរួមនីមួយៗទទួលបានកូនសៀវភៅគំនូរដែលសង្ខេបព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យក្នុង អំឡុងពេលបណ្តុះបណ្តាល។

សកម្មភាពបណ្តុះបណ្តាលទាំងនេះត្រូវបានធ្វើឡើងដោយបុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលស្តារនីតិ​សម្ប​ទា​កៀនឃ្លាំង។

ការលើកកម្ពស់ការយល់ដឹង

ជំងឺឃ្លង់ក្លាយទៅជាជំងឺមួយដែលបណ្តាលឲ្យពិការនៅពេលមានការខូចប្រព័ន្ធសរសៃប្រសាទលេចឡើងនៅក្នុងភ្នែក ដៃ ឬជើង។ នៅដំណាក់កាលដំបូងរបស់វា ភាគច្រើនស្នាមអុចដែលគ្មានការឈឺចាប់លើស្បែក ជំងឺនេះ​មិន​បង្ក​ឲ្យមានបញ្ហាអ្វីទេ ដែលមានន័យថា មនុស្សជាធម្មតាគិតថាសញ្ញាទាំងនេះជារឿងធម្មតា ហើយ​ពន្យារ​ពេល​ស្វែង​រក​ការពិគ្រោះយោបល់។ ប៉ុន្តែ នេះជាដំណាក់កាលដែលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក​ គឺ​មាន​ប្រសិទ្ធភាព​បំផុត ​ហើយ​អាចទប់ស្កាត់ការចាប់ផ្តើមឲ្យមានផលវិបាក ដូច្នេះសារៈសំខាន់នៃការលើកកម្ពស់​ការយល់​ដឹងឲ្យបាន​ទូលំ​ទូលាយតាមដែលអាចធ្វើទៅបានអំពីសញ្ញាដំបូងនៃជំងឺនេះគឺពិតជាចាំបាច់។

នៅប្រទេសកម្ពុជា អាកប្បកិរិយា​ និងការអនុវត្តទាក់ទង

នឹងជំងឺឃ្លង់នៅតែមានបញ្ហាប្រឈម និងការហាមប្រា​ម​ជាច្រើន៖

  • សម្រាប់មនុស្សជាច្រើន ជំងឺឃ្លង់នៅតែជាជំងឺតំណពូជ និងមិនអាចព្យាបាលបាន
  • ការរើសអើង និងការមាក់ងាយនៅតែមានជាញឹកញាប់
  • ភាពមិនខ្វល់ខ្វាយ និងភាពទន់ខ្សោយនៅតែមានកម្រិតខ្ពស់នៅក្នុងសេវានានាដែលទទួលបន្ទុកក្នុងការ​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ជំងឺឃ្លង់

ដើម្បីជម្នះនូវបញ្ហាប្រឈមទាំងនេះ យុទ្ធសាស្ត្រដូចខាងក្រោមត្រូវបានអនុវត្ត៖

  • ការផ្សព្វផ្សាយសារដែលពន្យល់យ៉ាងច្បាស់ថា ជំងឺឃ្លង់អាចព្យាបាលបាន ហើយការព្យាបាលត្រូវតែចាប់​ផ្តើមធ្វើ​ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីជៀសវាងពិការភាព។
  • យុទ្ធនាការដែលអាចមើលឃើញ (រោងល្ខោន​ ទូរទស្សន៍ និងផ្ទាំងរូបភាព) ដែលបង្ហាញ​ពីសញ្ញា​ជំងឺ​ឃ្លង់​នៅលើស្បែកដើម្បីងាយស្រួលរកឃើញនៅដំណាក់កាលដំបូង។
  • យុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាទៀងទាត់នៅតាមរោងចក្រកាត់ដេរដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ កម្មករកាត់ដេរទៅលើរោគសញ្ញាណាមួយដែលជាការព្រួយបារម្ភ។

យុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាមរោងចក្រកាត់ដេរ

ចាប់តាំងពីឆ្នាំ២០០៥ មក មូលនិធិ CIOMAL បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាម​រោង​ចក្រ​កាត់​​ដេរ។ ពីរដងក្នុងមួយឆ្នាំ ក្រុមការងាររបស់មូលនិធិ CIOMAL រួមជាមួយបុគ្គលិកនៃក្រសួងសង្គមកិច្ច​ និង​កម្ម​វិធី​​​ជាតិលុបបំបាត់ជំងឺឃ្លង់បានចែកចាយឯកសារ និងផ្តល់ការបណ្តុះបណ្តាលដល់រោងចក្រកាត់ដេរចំនួន ១២ ផ្សេង​ៗគ្នាក្នុងពេលនីមួយៗ។ បន្ទាប់មក ជារៀងរាល់ឆ្នាំ​ កម្មករកាត់ដេរចំនួនជិត៣០.០០០នាក់បាន​ចែក​ចាយ​ឯក​សារ​នៅតាមភូមិ និងឃុំរបស់ពួកគេ។

ល្ខោនប្រពៃណី

មូលនិធិ CIOMAL បានសហការជាដៃគូជាមួយក្រុមល្ខោនឯករាជ្យកម្ពុជាដើម្បីការពារនិងផ្សព្វផ្សាយវ​ប្ប​ធម៌​ខ្មែរ​។ គោលគំនិតនៅពីក្រោយភាពជាដៃគូទាំងនេះគឺដើម្បីបង្កើតសេណារីយ៉ូល្ខោនមួយស្តីពីជំងឺឃ្លង់ និងធ្វើការ​សម្តែង​នៅទូទាំងប្រទេសជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។ ការសម្តែងរួមមានល្ខោន របាំនិងតន្រ្តីប្រពៃណី​ខ្មែរ​។ ក្រុមមូលនិធិ CIOMAL ធ្វើដំណើរជាមួយក្រុមល្ខោនដើម្បីកំណត់ករណីថ្មីៗ និងផ្តល់ឲ្យពួកគេ​នូវ​ព័ត៌មាន​ដែល​ត្រឹមត្រូវ។

ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម

មូលនិធិ CIOMAL ធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងសាធារណៈនៅតាមវិទ្យុ ទូរទស្សន៍ និងអ៊ិន ធឺណិត ​ដែល​​គេហ​ទំព័រព័ត៌មានមួយកំពុងបង្កើតឡើង។ មូលនិធិ CIOMAL ក៏បានដាក់ផ្ទាំងផ្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្វផ្សាយនៅទីសាធារណៈ ផង​ដែរ ជាពិសេសនៅខាងក្រោយរម៉ក់ម៉ូតូ (ជាមធ្យោបាយដឹកជញ្ជូនដែលប្រើជាទូទៅបំផុត) ដូច្នេះប្រជាជន​ដឹង​ពី​របៀប​ទាក់ទងក្រុមការងាររបស់មូលនិធិ ប្រសិនបើពួកគេមានការសង្ស័យ។ មូលនិធិ CIOMAL ចូលរួម​យ៉ាង​សកម្ម​​ក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់ទិវាជំងឺឃ្លង់ពិភពលោក​ និងទិវាជនពិការអន្តរជាតិ។