សកម្មភាព
ការទប់ស្កាត់
បើនិយាយឲ្យប្រាកដទៅ ការរកឃើញជំងឺឃ្លង់មិនមានទេ ដោយសាររបៀបដែលជំងឺនេះត្រូវបានចម្លង និងទទួលរងនៅតែមិនទាន់ដឹងច្បាស់លាស់ ដោយសារតែរយៈពេលនៃការបង្ករោគនៃជំងឺនោះមានរយៈពេលយូរខ្លាំង។ មធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺតាមរយៈការរកឃើញយ៉ាងឆាប់រហ័សនូវករណីថ្មីៗនិងលទ្ធភាពទទួលបានការព្យាបាលទាន់ពេលវេលា ដើម្បីបញ្ឈប់ការរីករាលដាលដល់អ្នកដទៃ និងទប់ស្កាត់ពិការភាពធ្ងន់ធ្ងរទាក់ទងនឹងជំងឺនេះ។
ដូច្នេះ ការទប់ស្កាត់តម្រូវឲ្យមានការលើកកម្ពស់ការយល់ដឹងសាធារណៈនៅក្នុងតំបន់ជនបទ និងទីក្រុងតាមរយៈការផ្សព្វផ្សាយចំណេះដឹងអំពីជំងឺនេះឲ្យបានទូលំទូលាយដែលអាចធ្វើទៅបាន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកថែទាំសុខភាព។
ការទប់ស្កាត់ពិការភាព
ដោយសារការខូចសរសៃប្រសាទជាយខាងរបស់ពួកគេមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់អាចធ្វើឲ្យខ្លួនពួកគេមានរបួស ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពប្រចាំថ្ងៃ។ បន្ទាប់មក ពួកគេអាចនឹងមានដំបៅធ្ងន់ធ្ងរ។ ហានិភ័យនេះអាចត្រូវបានកាត់បន្ថយដោយការថែទាំខ្លួនឯងឲ្យបានត្រឹមត្រូវ។ មនុស្សដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ទទួលបានការបណ្តុះបណ្តាលអំពីការថែទាំជាមូលដ្ឋានក្នុងអំឡុងពេលពួកគេស្នាក់នៅមជ្ឈមណ្ឌលកៀនឃ្លាំង ឬក្នុងអំឡុងពេលបុគ្គលិកថែទាំសុខភាពចុះត្រួតពិនិត្យ។
ការបណ្តុះបណ្តាលពីការថែទាំដោយខ្លួនឯង រួមមានការធ្វើលំហាត់ប្រាណ ការរៀនពីជំហានសាមញ្ញដើម្បី ព្យាបាលមុខរបួស ការធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាការចម្អិនអាហារ ឬការដាំដំណាំប្រកបដោយសុវត្ថិភាព។
ការបណ្តុះបណ្តាលទាំងនេះរួមមាន៖
- ការវាយតម្លៃរាងកាយដោយអ្នកឯកទេសព្យាបាលដោយចលនា
- ការបង្ហាត់ពីការថែទាំដោយខ្លួនឯង និងលំហាត់ប្រាណជាក់ស្តែងដែលផ្ដោតទៅលើភ្នែក ជើង និងដៃ
- ការអនុវត្តការប្រើឧបករណ៍ និងសម្ភារចាំបាច់ក្នុងជីវិតប្រចាំថ្ងៃដើម្បីជៀសវាងការរងរបួស
- ចែកចាយស្បែកជើងនិងសម្ភារសមស្របផ្សេងៗ (ស្រោមដៃ វ៉ែនតា) ។
- អ្នកចូលរួមនីមួយៗទទួលបានកូនសៀវភៅគំនូរដែលសង្ខេបព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យក្នុង អំឡុងពេលបណ្តុះបណ្តាល។
សកម្មភាពបណ្តុះបណ្តាលទាំងនេះត្រូវបានធ្វើឡើងដោយបុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាកៀនឃ្លាំង។
ការលើកកម្ពស់ការយល់ដឹង
ជំងឺឃ្លង់ក្លាយទៅជាជំងឺមួយដែលបណ្តាលឲ្យពិការនៅពេលមានការខូចប្រព័ន្ធសរសៃប្រសាទលេចឡើងនៅក្នុងភ្នែក ដៃ ឬជើង។ នៅដំណាក់កាលដំបូងរបស់វា ភាគច្រើនស្នាមអុចដែលគ្មានការឈឺចាប់លើស្បែក ជំងឺនេះមិនបង្កឲ្យមានបញ្ហាអ្វីទេ ដែលមានន័យថា មនុស្សជាធម្មតាគិតថាសញ្ញាទាំងនេះជារឿងធម្មតា ហើយពន្យារពេលស្វែងរកការពិគ្រោះយោបល់។ ប៉ុន្តែ នេះជាដំណាក់កាលដែលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក គឺមានប្រសិទ្ធភាពបំផុត ហើយអាចទប់ស្កាត់ការចាប់ផ្តើមឲ្យមានផលវិបាក ដូច្នេះសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបានអំពីសញ្ញាដំបូងនៃជំងឺនេះគឺពិតជាចាំបាច់។
នៅប្រទេសកម្ពុជា អាកប្បកិរិយា និងការអនុវត្តទាក់ទងនឹងជំងឺឃ្លង់នៅតែមានបញ្ហាប្រឈម និងការហាមប្រាមជាច្រើន៖
- សម្រាប់មនុស្សជាច្រើន ជំងឺឃ្លង់នៅតែជាជំងឺតំណពូជ និងមិនអាចព្យាបាលបាន
- ការរើសអើង និងការមាក់ងាយនៅតែមានជាញឹកញាប់
- ភាពមិនខ្វល់ខ្វាយ និងភាពទន់ខ្សោយនៅតែមានកម្រិតខ្ពស់នៅក្នុងសេវានានាដែលទទួលបន្ទុកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់
ដើម្បីជម្នះនូវបញ្ហាប្រឈមទាំងនេះ យុទ្ធសាស្ត្រដូចខាងក្រោមត្រូវបានអនុវត្ត៖
- ការផ្សព្វផ្សាយសារដែលពន្យល់យ៉ាងច្បាស់ថា ជំងឺឃ្លង់អាចព្យាបាលបាន ហើយការព្យាបាលត្រូវតែចាប់ផ្តើមធ្វើឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីជៀសវាងពិការភាព។
- យុទ្ធនាការដែលអាចមើលឃើញ (រោងល្ខោន ទូរទស្សន៍ និងផ្ទាំងរូបភាព) ដែលបង្ហាញពីសញ្ញាជំងឺឃ្លង់នៅលើស្បែកដើម្បីងាយស្រួលរកឃើញនៅដំណាក់កាលដំបូង។
- យុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាទៀងទាត់នៅតាមរោងចក្រកាត់ដេរដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ កម្មករកាត់ដេរទៅលើរោគសញ្ញាណាមួយដែលជាការព្រួយបារម្ភ។
យុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាមរោងចក្រកាត់ដេរ
ចាប់តាំងពីឆ្នាំ២០០៥ មក មូលនិធិ CIOMAL បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាមរោងចក្រកាត់ដេរ។ ពីរដងក្នុងមួយឆ្នាំ ក្រុមការងាររបស់មូលនិធិ CIOMAL រួមជាមួយបុគ្គលិកនៃក្រសួងសង្គមកិច្ច និងកម្មវិធីជាតិលុបបំបាត់ជំងឺឃ្លង់បានចែកចាយឯកសារ និងផ្តល់ការបណ្តុះបណ្តាលដល់រោងចក្រកាត់ដេរចំនួន ១២ ផ្សេងៗគ្នាក្នុងពេលនីមួយៗ។ បន្ទាប់មក ជារៀងរាល់ឆ្នាំ កម្មករកាត់ដេរចំនួនជិត៣០.០០០នាក់បានចែកចាយឯកសារនៅតាមភូមិ និងឃុំរបស់ពួកគេ។
ល្ខោនប្រពៃណី
មូលនិធិ CIOMAL បានសហការជាដៃគូជាមួយក្រុមល្ខោនឯករាជ្យកម្ពុជាដើម្បីការពារនិងផ្សព្វផ្សាយវប្បធម៌ខ្មែរ។ គោលគំនិតនៅពីក្រោយភាពជាដៃគូទាំងនេះគឺដើម្បីបង្កើតសេណារីយ៉ូល្ខោនមួយស្តីពីជំងឺឃ្លង់ និងធ្វើការសម្តែងនៅទូទាំងប្រទេសជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។ ការសម្តែងរួមមានល្ខោន របាំនិងតន្រ្តីប្រពៃណីខ្មែរ។ ក្រុមមូលនិធិ CIOMAL ធ្វើដំណើរជាមួយក្រុមល្ខោនដើម្បីកំណត់ករណីថ្មីៗ និងផ្តល់ឲ្យពួកគេនូវព័ត៌មានដែលត្រឹមត្រូវ។
ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម
មូលនិធិ CIOMAL ធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងសាធារណៈនៅតាមវិទ្យុ ទូរទស្សន៍ និងអ៊ិន ធឺណិត ដែលគេហទំព័រព័ត៌មានមួយកំពុងបង្កើតឡើង។ មូលនិធិ CIOMAL ក៏បានដាក់ផ្ទាំងផ្សព្វផ្សាយនៅទីសាធារណៈ ផងដែរ ជាពិសេសនៅខាងក្រោយរម៉ក់ម៉ូតូ (ជាមធ្យោបាយដឹកជញ្ជូនដែលប្រើជាទូទៅបំផុត) ដូច្នេះប្រជាជនដឹងពីរបៀបទាក់ទងក្រុមការងាររបស់មូលនិធិ ប្រសិនបើពួកគេមានការសង្ស័យ។ មូលនិធិ CIOMAL ចូលរួមយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់ទិវាជំងឺឃ្លង់ពិភពលោក និងទិវាជនពិការអន្តរជាតិ។
ការរកឃើញ
ទាក់ទងទៅនឹងការរកឃើញដំណាក់កាលដំបូង យើងត្រូវបែងចែកភាពខុសគ្នារវាងការរកឃើញសកម្ម និងការរកឃើញអសកម្មនៃជំងឺនេះ។ រហូតមកដល់ឆ្នាំ២០១១ មូលនិធិ CIOMAL បានអនុវត្តគោលនយោបាយអសកម្ម រួមមានយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាលបុគ្គលិកដោយព្យាយាមធ្វើសមាហរណកម្មកម្មវិធីរបស់ខ្លួនទៅក្នុងសេវាសុខាភិបាលជាតិ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Novartis នោះ មូលនិធិ CIOMAL បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១ នូវ"ការតាមដានទំនាក់ទំនង" ដែលជាគម្រោងសាកល្បងរកឃើញសកម្មមួយ។ ការរកឃើញសកម្មមានតម្លៃប្រហែល១២០ដុល្លារអាមេរិកក្នុងមួយករណី។ វាពិតជាមានតម្លៃថ្លៃជាងការរកឃើញអសកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាអនុញ្ញាតឲ្យមានការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ជាលក្ខណៈប្រព័ន្ធមួយច្រើនថែមទៀត។
លើសពីនេះ វិធីសាស្ត្រនេះក៏ផ្តល់លទ្ធភាពក្នុងការ៖
- រកឃើញនូវករណីជំងឺឃ្លង់ថ្មីៗនៅដំណាក់កាលចាប់ផ្តើមជំងឺ ដើម្បីជៀសវាងការរីករាលដាលដល់អ្នកផ្សេង និងទប់ស្កាត់ពិការភាពធ្ងន់ធ្ងរ។
- បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅគ្រប់កម្រិតទាំងអស់
- លើកកម្ពស់ការយល់ដឹងសាធារណៈដោយផ្ទាល់នៅក្នុងភូមិ
- ធានាឲ្យមានការតាមដានអ្នកជំងឺ
ស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ
មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) មានគ្រែចំនួន ៥០ និងមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) គឺជាចំណុចសំខាន់នៃគម្រោងរបស់មូលនិធិ CIOMAL ហើយត្រូវបានគេទទួលស្គាល់ថាជា មជ្ឈមណ្ឌលនៃឧត្តមភាពដ៏សំខាន់សម្រាប់ការព្យាបាលជំងឺឃ្លង់នៅប្រទេសទាំងមូល។ បន្ថែមពីលើការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងផលវិបាកនៃជំងឺនេះ មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការព្យាបាលដោយចលនា ការពិគ្រោះយោបល់រោគសើស្បែក និងសេវាវះកាត់កែលម្អឡើងវិញ។
នៅក្នុងបរិវេណដែលសាងសង់នៅលើដីដែលផ្តល់ដោយក្រសួងសង្គមកិច្ចនៅជាយក្រុងភ្នំពេញ បន្ថែមលើ សកម្មភាពថែទាំនៅមន្ទីរពេទ្យ មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អនុវត្តសកម្មភាពបង្ហាត់បង្រៀន និងបណ្តុះបណ្តាលសម្រាប់អ្នកជំងឺ និស្សិតសាកលវិទ្យាល័យ និងអ្នកជំនាញសុខាភិបាល។
មជ្ឈមណ្ឌលនេះក៏មានបន្ទប់វះកាត់ បន្ទប់ព្យាបាល ឱសថស្ថាន និងមន្ទីរពិសោធន៍តូចមួយផងដែរ។ អង្គការ នេះមានទីតាំងនៅជាប់នឹងអង្គការចំនួនបីផ្សេងទៀតដែលគាំទ្រដល់ជនពិការ គឺអង្គការ Rose Charities Cambodia (ចក្ខុរោគសាស្ត្រ) និងមជ្ឈមណ្ឌលវះកាត់កុមារ ហើយគួរឲ្យកត់សម្គាល់បំផុត គឺមូលនិធិអតីតយុទ្ធជនកម្ពុជា ដែលផលិតអវយវៈសិប្បនិម្មិត។ មូលនិធិ CIOMAL ផ្តល់មូលនិធិ ៨០% ដល់មុខតំណែងអ្នកផលិតអវយវៈសិប្បនិម្មិត សម្រាប់អ្នកជំងឺដែលមានជំងឺឃ្លង់ដែលត្រូវការអវយវៈសប្បនិម្មិត។
ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការថែទាំវេជ្ជសាស្ត្រសម្រាប់ជំងឺឃ្លង់ក៏ដូច ជាប្រតិកម្មមិនល្អដែលបណ្តាលមកពីជំងឺនេះ និងការព្យាបាលជំងឺនេះដែរ។ ក្រុមគ្រូពេទ្យក៏ធ្វើឲ្យប្រាកដថា អ្នកជំងឺប្រើវិធីព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ និងធានាឲ្យមានការតាមដានអ្នកជំងឺ។ រាល់សេវាសុខភាព និងការស្តារនីតិសម្បទាទាំងអស់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្ដល់ជូនដោយឥតគិតថ្លៃ រួមទាំងចំណាយលើការធ្វើដំណើរ និងការស្នាក់នៅមជ្ឈមណ្ឌល។
អ្នកជំងឺភាគច្រើនបំផុតមកពីជនបទ និងសង្គមក្រីក្រ។ ថ្លៃចំណាយធ្វើដំណើរទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) និងការស្នាក់នៅរបស់ពួកគេនៅមជ្ឈមណ្ឌលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង។ ក្នុងនេះ ក៏មានករណីផ្តល់ប្រឹក្សាពីការដើរហាត់ប្រាណ ជូនអ្នកជំងឺដែលកំពុងពិនិត្យព្យាបាលជំងឺឃ្លង់ និងសម្រាប់អ្នកជំងឺដែលមកពិគ្រោះយោបល់ជំងឺសើស្បែកផងដែរ។
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ-វះកាត់
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត-វះកាត់របស់ប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ រួមមាន៖ ប្រតិកម្មថ្នាំ ការរលាកសរសៃប្រសាទជាយខាងដែលបណ្តាលឲ្យបាត់បង់ញ្ញាណដឹង និង មុខងារចលករ និងអសមត្ថភាពក្នុងការបិទត្របកភ្នែក និងនាំអោយមានដំបៅបង្ករោគ។
ចាប់តាំងពីការចាប់ផ្តើមគម្រោងមក មូលនិធិ CIOMAL បានទទួលការទស្សនកិច្ចទៀងទាត់ពីក្រុមគ្រូពេទ្យវៀតណាមដែលដឹកនាំដោយវេជ្ជបណ្ឌិត Khoa ដែលមកធ្វើការវះកាត់ និងវេជ្ជបណ្ឌិត រី ស៊ីណា ជាវេជ្ជបណ្ឌិតវះកាត់កម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ វេជ្ជបណ្ឌិត រី ស៊ីណា បានធ្វើការវះកាត់នៅមន្ទីរពេទ្យភ្នំពេញ គឺការវះកាត់កែសម្ផស្ស និងវះកាត់កែឡើងវិញ ហើយវេជ្ជបណ្ឌិត រី ស៊ីណា ក៏បានមកមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីធ្វើការវះកាត់លើអ្នកជំងឺដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ផង ដែរ។
សមត្ថភាពក្នុងការធ្វើការវះកាត់កែលម្អឡើងវិញនៅនឹងកន្លែងពង្រឹងបន្ថែមនូវកេរ្ដិ៍ឈ្មោះរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង(KKLRC) ជាមជ្ឈមណ្ឌលនៃឧត្តមភាពដែលគ្របដណ្តប់លើអន្តរាគមន៍ទាំងអស់ដែលចាំបាច់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងករណីជំងឺឃ្លង់។ ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមប្រហែល៥០ថ្ងៃ ហើយអ្នកជំងឺដែលទទួលការវះកាត់ទទួលបានការព្យាបាលដោយចលនាយ៉ាងហោចណាស់៣សប្តាហ៍។ ក្នុងអំឡុងពេលការស្នាក់នៅរបស់ពួកគេ អ្នកជំងឺអនុវត្តតាមការបណ្តុះបណ្តាលស្តីពីការថែទាំពិការភាពដោយខ្លួនឯង ក៏ដូចជាអក្ខរកម្ម និងសូម្បីតែថ្នាក់ព័ត៌មានវិទ្យាផងដែរ។ ពួកគេចូលរួមក្នុងសកម្មភាពសង្គម ទិវាជំងឺឃ្លង់ពិភពលោក និង ទិវាជនពិការអន្តរជាតិ និងមានឱកាសកសាងជំនាញវិជ្ជាជីវៈ។
ដោយសារតែពិការភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗមានភាពខុសគ្នា នោះបុគ្គលិករបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺគ្រប់រូបទទួលបានការថែទាំតាមលក្ខណៈបុគ្គលនីមួយៗ។ មជ្ឈមណ្ឌលនេះក៏បានផ្តល់ជូនផងដែរនូវអវយវៈសិប្បនិម្មិត ស្បែកជើងការពារជើង ស្រោមដៃ និងវ៉ែនតា។
វគ្គព្យាបាលដោយចលនាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានឡើងវិញនូវការចល័ត អវយវៈ ឬ សម្រាប់ការរៀបចំមុន និងក្រោយការវះកាត់។
ការពិគ្រោះយោបល់អំពីជំងឺសើស្បែក
មជ្ឈមណ្ឌលកៀនឃ្លាំងមានអ្នកឯកទេសខាងជំងឺសើស្បែក ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេស វៀតណាម គឺលោកស្រីវេជ្ជបណ្ឌិត ម៉ូលីវ៉ា។ ហេតុដូច្នេះហើយមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អាចផ្តល់ជូនប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញនូវការពិគ្រោះយោបល់សម្រាប់អ្នកជំងឺដែលមានបញ្ហាសើស្បែកដែលមិនទាក់ទងទៅនឹងជំងឺឃ្លង់ ពោលគឺមាន ៧៦% នៃការពិគ្រោះយោបល់។
ការធ្វើឲ្យការពិគ្រោះយោបល់មានលក្ខណៈទូទៅ សម្រាប់បញ្ហាស្បែកណាមួយអាចធ្វើឲ្យមានការរកឃើញនូវករណីជំងឺឃ្លង់ដែលមានសក្តានុពលក្នុងបរិបទនៃការពិគ្រោះយោបល់ដែលគ្មានការរើសអើង ពីព្រោះវាមិនមានលក្ខណៈជាក់លាក់ចំពោះជំងឺឃ្លង់ឡើយ។ ដូច្នេះការសម្របសម្រួលការទទួលបានការពិគ្រោះយោបល់អំពីជំងឺសើស្បែកគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការរកឃើញជំងឺឃ្លង់។ ការពិគ្រោះយោបល់បែបនេះក៏ផ្តល់នូវឱកាសដើម្បីផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះដល់អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេផងដែរ។
ការស្តារនីតិសម្បទាសង្គមកិច្ច
គោលបំណង
- ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាមួយនឹងដំណោះស្រាយក្នុងស្រុក និងប្រកបដោយចីរភាព
- ជួយឱ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ធ្វើសមាហរណកម្មចូលក្នុងសហគមន៍របស់ពួកគេវិញ
- ផ្តល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់នូវឱកាសដើម្បីទទួលបាននូវការបណ្ដុះបណ្ដាល (ទាំងជំនាញវិជ្ជាជីវៈ និងការអប់រំ) ឬក៏បង្កើតសកម្មភាពសេដ្ឋកិច្ច
សកម្មភាព
- អាហារូបករណ៍សម្រាប់កុមារអាយុតិចជាងគេ៖ កុមារដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ ឬរស់នៅជាមួយគ្រួសារដែលមានឪពុកម្តាយដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់
- ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្សពេញវ័យ
- ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបង្កើតនូវសកម្មភាពសេដ្ឋកិច្ច (ការចិញ្ចឹមជ្រូក ឬមាន់ ហាងលក់ចាប់ហួយតូចៗ ជាដើម)
- ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ជនពិការ ឬជនដែលងាយរងគ្រោះបំផុត (ការគាំទ្រផ្នែកអាហារ ឬការសាងសង់លំនៅឋាន)
កម្មវិធីស្ដារនីតិសម្បទាសេដ្ឋកិច្ច និងសង្គមដែលមូលនិធិ CIOMAL បានអនុវត្តផ្តល់ឲ្យអ្នកជំងឺឃ្លង់និងសាច់ញាតិរបស់ពួកគេស្ដារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុ និងសង្គម។ មូលនិធិ CIOMAL ផ្តល់ជូនដល់អតីតអ្នកជំងឺនូវជំនួយហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដូចជាការចិញ្ចឹមជ្រូក ការដាំដំណាំសម្រាប់លក់នៅទីផ្សារ ហាងលក់ទំនិញ ឬភោជនីយដ្ឋានតូចៗ ការកែច្នៃសំណល់។ ប្រាក់កម្ចីជាទូទៅមានចំនួនពី១៥០ ទៅ៣០០ដុល្លារអាមេរិក ហើយផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទាំងនេះបានរស់នៅដោយឯករាជ្យ លូតលាស់ និងចាប់ផ្តើមគ្រួសារ។
ក្រោមកម្មវិធីនេះ កិច្ចសន្យាកម្ចីស្តារនីតិសម្បទាត្រូវបានបង្កើតឡើងរវាងមូលនិធិ CIOMAL និងអ្នកជំងឺ។ ខសន្យាសំខាន់ចំនួនពីរគឺ៖ អ្នកជំងឺត្រូវតែថែរក្សាខ្លួនឯង អនុវត្តតាមការណែនាំផ្នែកវេជ្ជសាស្រ្តនិងសុខភាពរបស់ មូលនិធិ CIOMAL ហើយគាត់ត្រូវតែសងប្រាក់កម្ចីនោះក្នុងអំឡុងពេលសមហេតុផលមួយ ទើបប្រាក់នេះអាចត្រូវបានផ្ទេរទៅឲ្យអ្នកផ្សេងទៀតបាន។ តាមរយៈការចុះត្រួតពិនិត្យជាទៀងទាត់ បុគ្គលិកមូលនិធិ CIOMAL តាមដានការរីកចម្រើនរបស់អ្នកទទួលផល និងផ្តល់ឲ្យពួកគេនូវជំនួយសមរម្យ។
បន្ថែមពីលើការងារសង្គមនេះ ក្រុមបុគ្គលិកមូលនិធិក៏ផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដើម្បីជួយអ្នកជំងឺក្នុងការស្ដារទំនុកចិត្តខ្លួនឯងឡើងវិញ និងជម្នះបញ្ហាប្រឈមនានាទាក់ទងនឹងការរើសអើង។ ការចុះត្រួតពិនិត្យ ទាំងនេះក៏ផ្តល់ឱកាសដើម្បីពិនិត្យសុខភាពអ្នកជំងឺ កំណត់រកករណីថ្មីៗដ៏មានសក្តានុពលក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ តាមរយៈការទប់ស្កាត់ដោយរំឭកដល់សហគមន៍អំពីលក្ខណៈនៃជំងឺនេះ។
ការកសាង/បណ្តុះបណ្តាលសមត្ថភាព
ការបណ្តុះបណ្តាល
ការបណ្តុះបណ្តាលមានវត្តមាននៅក្នុងគម្រោងរបស់មូលនិធិ CIOMAL ទាំងអស់ និងតំណាងឲ្យសកម្មភាព សំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ការបណ្តុះបណ្តាលទាំងនេះគឺសម្រាប់អ្នកឯកទេស អ្នកជំនាញ ក្នុងស្រុក និស្សិត និងអ្នកជំនាញនាពេលអនាគត ក៏ដូចជាអ្នកជំងឺផងដែរ។
ក្រុមការងារពហុជំនាញរបស់មូលនិធិ CIOMAL ក៏ទទួលបានការបណ្តុះបណ្តាលប្រចាំឆ្នាំគឺគ្រូពេទ្យវះកាត់ បរទេសដែលធ្វើអន្តរាគមន៍ក្នុងអំឡុងពេលវះកាត់អ្នកជំងឺនោះបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ក្នុងស្រុក។ បុគ្គលិក របស់កម្មវិធីជាតិកំចាត់ជំងឺឃ្លង់ក៏ទទួលបានការបណ្តុះបណ្តាលនៅគ្រប់កម្រិតផងដែរ។
មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃឧត្តមភាពមួយនៅក្នុងប្រទេសកម្ពុជា
ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះ បច្ចេកទេសព្យាបាល និង សកម្មភាពជាក់ស្តែង គឺការរៀនសូត្រដោយការអនុវត្ត ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅសាកលវិទ្យាល័យរបស់និស្សិត។ និស្សិតឆ្នាំទី ៥ ផ្នែកវេជ្ជសាស្ត្រ និងការព្យាបាលដោយចលនាបានចូលរួមក្នុងថ្នាក់នេះ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកៀនឃ្លាំងរយៈពេលជាង ១០ ថ្ងៃ និង ៣ ម៉ោងក្នុងមួយថ្ងៃ។
អ្នកគ្រប់គ្រងជំងឺឃ្លង់ថ្នាក់ខេត្ត និងស្រុកក៏ទទួលបានការបណ្តុះបណ្តាលនេះផងដែរ។ មូលនិធិ CIOMAL បានរួមចំណែកដល់ការបណ្តុះបណ្តាលអ្នកឯកទេសផ្នែកជំងឺសើស្បែកដែលបានទទួលការបណ្តុះបណ្តាលនៅ ប្រទេសវៀតណាមគឺវេជ្ជបណ្ឌិត ម៉ូលីវ៉ា ដែលបច្ចុប្បន្នទទួលបន្ទុកពិគ្រោះយោបល់ជំងឺសើស្បែកនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC)។ លោកស្រីបានចូលរួមក្នុងការបណ្តុះបណ្តាលគ្រូពេទ្យជំនាញជំងឺសើស្បែកនៅភ្នំពេញ ព្រមទាំងការបង្រៀនដល់និស្សិតផងដែរ។
វេជ្ជបណ្ឌិត ស៊ីណា អ្នកឯកទេសផ្នែកវះកាត់កែលម្អ បានទទួលការបណ្តុះបណ្តាល ហើយបន្តទទួលបានអត្ថប្រយោជន៍ជំនាញឯកទេសពីគ្រូពេទ្យវះកាត់ដែលមកធ្វើការវះកាត់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC)។ ដូច្នេះ គាត់អាចអភិវឌ្ឍជំនាញល្អបំផុតស្របតាមលក្ខណៈជាក់លាក់នៃជំងឺឃ្លង់។
មូលនិធិ CIOMAL ផ្តល់ជូនអ្នកជំងឺព្រមទាំងសមាជិកសកម្មនៃក្រុមការងាររបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) នូវការបណ្តុះបណ្តាលលើវិស័យផ្សេងៗជាច្រើន ។ អ្នកខ្លះក្លាយជាបុគ្គលិក ពេញសមត្ថភាព និងធ្វើការរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគេចំពោះការបណ្តុះបណ្តាលការថែទាំដោយខ្លួនឯង ឬអក្ខរកម្ម ការផ្តល់ប្រឹក្សា និងការជួយអ្នកជំងឺឃ្លង់ឲ្យមានទំនុកចិត្តលើខ្លួនឯងឡើងវិញកាន់តែខ្លាំង។
ក្រុមការងារពហុជំនាញរបស់មូលនិធិ CIOMAL គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងមួយដែលអនុញ្ញាតឲ្យសមាជិកនីមួយៗទទួលបាននូវចំណេះដឹងជាក់លាក់ ស្របតាមការរក្សានូវចក្ខុវិស័យដែលមាន ទាំងការផ្តោតទូលំទូលាយទៅលើអ្នកជំងឺ។ ក្រុមការងាររបស់មូលនិធិ CIOMAL ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេជាមួយបណ្តាប្រទេសដទៃទៀត។
សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព
សិទ្ធិដែលមិនទទួលរងនូវការរើសអើង គឺជាសិទ្ធិមូលដ្ឋានដែលបានចែងនៅក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ នោះក៏ជាករណីសិទ្ធិទទួលបានសុខភាព និងការថែទាំសុខភាព សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានឱកាសស្មើៗគ្នាសម្រាប់បុរសនិងស្ត្រី។
ការរើសអើងដែលប្រជាជនរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ទទួលរង បានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើនលើជីវិតរបស់ពួកគេដូចជា៖ ការបាត់បង់ការងារ លំនៅឋាន ឬលទ្ធភាពសិក្សា ការបែកបាក់គ្រួសារ។ កូនៗរបស់ឪពុកម្ដាយដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ជារឿយៗត្រូវបានគេបដិសេធ នៅសាលារៀននិងពីសាច់ញាតិរបស់ពួកគេ។ មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឃ្លង់អាច ត្រូវបានគេ បដិសេធមិនឲ្យទទួលបានការថែទាំសុខភាព។ នៅក្នុងប្រទេសមួយចំនួនមន្ទីរពេទ្យបដិសេធមិនព្រមទទួល យកពួកគេទេ។
ទាំងនេះគឺជាការរំលោភលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលធានានូវសិទ្ធិទទួល បានជីវភាពសមរម្យសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ សិទ្ធិទទួលបានលំនៅឋាន សុខភាព និងការអប់រំ។
នៅឆ្នាំ២០១០ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចពិសេសមួយជំរុញឲ្យមាន “ការលុបបំបាត់ការរើសអើងប្រឆាំងនឹងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងសមាជិកគ្រួសាររបស់គេ”។ ខណៈដែលបញ្ហានេះត្រូវបានទទួលស្គាល់នៅកម្រិតអន្តរជាតិថាជាបញ្ហាសំខាន់ ប៉ុន្តែនេះក៏មិនមានការអនុវត្តដោយវិធានការចងកាតព្វកិច្ចដែរ។
តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មូលនិធិ CIOMAL ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ មូលនិធិ CIOMAL ខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបានគេចាត់ទុកថាជា “ជនពិការ” ដើម្បីផ្លាស់ប្តូរទស្សនៈរបស់សង្គម និងអនុញ្ញាតឲ្យពួកគេចូលក្នុងកម្មវិធីជាតិសម្រាប់ជនពិការ។ តាមរយៈគម្រោងស្ដារនីតិសម្បទាសង្គមកិច្ចរបស់ខ្លួន មូលនិធិ CIOMAL ជួយលើកកម្ពស់ប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ និងសាច់ញាតិរបស់ពួកគេឱ្យចេញពីភាពក្រីក្រដោយផ្តល់ឲ្យពួកគេនូវកន្លែងជ្រកកោន ទទួលបានការអប់រំនិងការបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ តាមរយៈមធ្យោបាយនេះ មូលនិធិ CIOMAL ចូលរួមក្នុងការប្រយុទ្ធទាមទារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលជាសិទ្ធិមនុស្សមូលដ្ឋាន រួមមាន សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។