សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព
សិទ្ធិដែលមិនទទួលរងនូវការរើសអើង គឺជាសិទ្ធិមូលដ្ឋានដែលបានចែងនៅក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស> និងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ នោះក៏ជាករណីសិទ្ធិទទួលបានសុខភាព និងការថែទាំសុខភាព សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានឱកាសស្មើៗគ្នាសម្រាប់បុរសនិងស្ត្រី។
ការរើសអើងដែលប្រជាជនរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ទទួលរង បានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើនលើជីវិតរបស់ពួកគេដូចជា៖ ការបាត់បង់ការងារ លំនៅឋាន ឬលទ្ធភាពសិក្សា ការបែកបាក់គ្រួសារ។ កូនៗរបស់ឪពុកម្ដាយដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ជារឿយៗត្រូវបានគេបដិសេធ នៅសាលារៀននិងពីសាច់ញាតិរបស់ពួកគេ។ មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឃ្លង់អាច ត្រូវបានគេ បដិសេធមិនឲ្យទទួលបានការថែទាំសុខភាព។ នៅក្នុងប្រទេសមួយចំនួនមន្ទីរពេទ្យបដិសេធមិនព្រមទទួល យកពួកគេទេ។
ទាំងនេះគឺជាការរំលោភលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលធានានូវសិទ្ធិទទួល បានជីវភាពសមរម្យសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ សិទ្ធិទទួលបានលំនៅឋាន សុខភាព និងការអប់រំ។
នៅឆ្នាំ២០១០ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចពិសេសមួយជំរុញឲ្យមាន “ការលុបបំបាត់ការរើសអើងប្រឆាំងនឹងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងសមាជិកគ្រួសាររបស់គេ”។ ខណៈដែលបញ្ហានេះត្រូវបានទទួលស្គាល់នៅកម្រិតអន្តរជាតិថាជាបញ្ហាសំខាន់ ប៉ុន្តែនេះក៏មិនមានការអនុវត្តដោយវិធានការចងកាតព្វកិច្ចដែរ។
តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មូលនិធិ CIOMAL ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ មូលនិធិ CIOMAL ខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបានគេចាត់ទុកថាជា “ជនពិការ” ដើម្បីផ្លាស់ប្តូរទស្សនៈរបស់សង្គម និងអនុញ្ញាតឲ្យពួកគេចូលក្នុងកម្មវិធីជាតិសម្រាប់ជនពិការ។ តាមរយៈគម្រោងស្ដារនីតិសម្បទាសង្គមកិច្ចរបស់ខ្លួន មូលនិធិ CIOMAL ជួយលើកកម្ពស់ប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ និងសាច់ញាតិរបស់ពួកគេឱ្យចេញពីភាពក្រីក្រដោយផ្តល់ឲ្យពួកគេនូវកន្លែងជ្រកកោន ទទួលបានការអប់រំនិងការបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ តាមរយៈមធ្យោបាយនេះ មូលនិធិ CIOMAL ចូលរួមក្នុងការប្រយុទ្ធទាមទារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលជាសិទ្ធិមនុស្សមូលដ្ឋាន រួមមាន សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។