ក្តីសុបិន្តពណ៌ខៀវរបស់កញ្ញា គន្ធី
អាយុជិត ៦០ ឆ្នាំហើយ កញ្ញា គន្ធី នៅតែចូលចិត្តស្លៀកពាក់ដូចជានាងកំពុងទៅណាត់មិត្តប្រុសជួបលើកដំបូង។ ប៉ុន្តែកញ្ញា គន្ធី មិនដែលមានគូដណ្តឹង ឬស្វាមីទេ។ ក្តីសុបិន្តរបស់យុវនារីរូបនេះត្រូវបានរលាយនៅពេលនាងមានអាយុ ១៨ ឆ្នាំនាងបានទទួលការធ្វើរោគវិនិច្ឆ័យដ៏អាក្រក់ខ្លាំងមួយ៖ នាងមានជំងឺឃ្លង់។
យើងបានមកដល់លំនៅឋានរបស់កញ្ញា គន្ធី នៅព្រឹកព្រហាម ក្នុងខែមីនា ឆ្នាំ២០១៧។ ប៉ុន្តែនៅពេលដែលយើងឆ្លងកាត់របងឫស្សី យើងទទួលបានម្លប់ត្រជាក់ពីរោងប្រក់ស្លឹកដែលផ្តល់ម្លប់ដល់តុមូលតូចមួយ និងកៅអីថ្ម។ គាត់ស្លៀកសារុងព័ទ្ធជុំវិញចង្កេះ កញ្ញា គន្ធី កំពុងតែឱនបោកគក់ និងកក់សក់របស់គាត់នៅក្បែរអណ្តូងទឹក។
គាត់បានស្វាគមន៍យើងដោយស្នាមញញឹម ហើយបានចាប់ផ្ដើមជជែកលេងយ៉ាងសប្បាយរីករាយ និងថាឲ្យពួកយើងយ៉ាងសុភាពថា មិនបានប្រាប់ឲ្យដឹងជាមុនពីការចុះមកលេងរបស់ពួកយើង។ គាត់បានបេះយកផ្លែចេកនៅក្នុងចំការរបស់គាត់ ហើយកាប់ដូង កាន់តែល្អជាងនេះទៅទៀត គាត់បានរៀបចំបង្អែមខ្ទិះដូងសម្រាប់ពួកយើងផងដែរ។ ហើយចុងក្រោយ គាត់បានស្លៀកពាក់យ៉ាងស្អាតបាតដើម្បីស្វាគមន៍ពួកយើង។
ដោយមានជំងឺឃ្លង់នៅវ័យយុវវ័យ កញ្ញា គន្ធី មានសញ្ញាជំងឺនេះជាច្រើន៖ មាត់ខូច និងដើរអូសជើង ជើងកំបុត។ប៉ុន្តែដោយការស្រឡាញ់សម្រស់របស់គាត់ធ្វើឲ្យយើងភ្លេចថាគាត់ជាជនពិការ។ ផ្ទះតូចរបស់គាត់ធ្វើពីស៊ីម៉ងត៍ចែកជាពីរបន្ទប់តូច ហើយលាបពណ៌ខៀវផ្ទៃមេឃទាំងអស់។ នៅពីមុខគ្រែរបស់គាត់ គឺជាវាំងននមួយក៏ពណ៌ខៀវផ្ទៃមេឃដែរ។ ពន្លឺព្រះអាទិត្យចូលមកតាមជរព្យួរនៅលើបង្អួច។ នៅខាងក្នុងទូកញ្ចក់តូចមួយ មានសំពត់ ខោ និងអាវព្យួរទាំងអស់សុទ្ធតែត្រូវបានអ៊ុតយ៉ាងល្អ។
“ពណ៌ខៀវផ្ទៃមេឃផ្តល់ភាពកក់ក្តៅដល់ខ្ញុំ វាធ្វើឲ្យខ្ញុំស្រមៃ និងធ្វើដំណើរក្នុងការស្រមើលស្រមៃរបស់ខ្ញុំ។ ខ្ញុំមិនអាចរស់នៅដោយគ្មានវាបានទេ។ នៅពេលខ្ញុំនៅតូច ខ្ញុំធ្លាប់ចាប់អារម្មណ៍នឹងរឿងដ៏ស្រស់ស្អាតទាំងអស់នេះដែលខ្ញុំធ្លាប់ឃើញនៅក្នុងផ្ទះរបស់អ្នកមាន។ ខ្ញុំគិតថា ផ្ទះរបស់ពួកគេគឺស្អាតល្អឥតខ្ចោះតែម្តង។ ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា៖ នៅពេលខ្ញុំធំឡើងខ្ញុំនឹងធានាថាផ្ទះរបស់ខ្ញុំគឺស្អាតនិងទាក់ទាញ”។
ប៉ុន្តែព្រឹត្តិការណ៍សំខាន់ពីរបានបញ្ចប់នូវក្តីសុបិន្តដ៏ផ្អែមល្ហែមរបស់កញ្ញា គន្ធី៖ ខ្មែរក្រហមបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ និងការរកឃើញជំងឺរបស់នាងរយៈពេលបីឆ្នាំក្រោយមក។ “បន្ទាប់ពីភាពអត់ឃ្លាន និងពលកម្មដោយបង្ខំក្រោមរបបប៉ុលពត ជើងរបស់ខ្ញុំកម្រើកលែងបាន ខ្ញុំត្រូវអូសវា ហើយពងបែកក៏លេចចេញលើរូបកាយខ្ញុំគ្រប់កន្លែងរហូតដល់ត្រចៀករបស់ខ្ញុំ។ ចាស់ទុំនៅក្នុងភូមិបានស្គាល់ពីជំងឺឃ្លង់នេះ”។
ទឹកភ្នែកបានជំនួសស្នាមញញឹមរបស់កញ្ញា គន្ធី។ “ពិភពលោករបស់ខ្ញុំបានរលាយខ្ទេចខ្ទី។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរស់នៅជាមួយសេចក្ដីស្លាប់។ ម្តាយ និងបងប្អូនស្រីរបស់ខ្ញុំបានដេញខ្ញុំចេញពីផ្ទះ។ “បន្ទាប់មក កញ្ញា គន្ធី បានចាកចេញពីភូមិរបស់គាត់ ហើយបានមករស់នៅតែម្នាក់ឯងនៅក្នុងខេត្ដកំពង់ចាមលើដីដែលជាកម្មសិទ្ធិរបស់ឪពុកគាត់។ នៅឆ្នាំ១៩៩២ គាត់បានទទួលការព្យាបាលមុនពេលត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលកៀនឃ្លាំងនៅឆ្នាំ២០០១ ដើម្បីធ្វើការវះកាត់ជាបន្តបន្ទាប់។
ដោយសារក្រុមការងាររបស់មូលនិធិ CIOMAL គាត់បានរកឃើញនូវរសជាតិជីវិត។ ដោយសារតែការស្រឡាញ់ចំពោះភាពសមសួនរបស់គាត់ អ្នកគ្រូពេទ្យ និងគិលានុបដ្ឋាកបានផ្តល់ឲ្យគាត់នូវសម្លៀកបំពាក់ដែលពួកគេលែងប្រើ។ ថ្ងៃនេះ កញ្ញា គន្ធី បានរកឃើញភាពស្ងប់ស្ងាត់នៅចំកណ្ដាលស្ថានសួគ៌ដ៏តូចរបស់គាត់។ ប្រសិនបើអ្នកឆ្លងកាត់ផ្ទះរបស់គាត់ អ្នកប្រាកដជាទទួលស្គាល់នូវចក្រវាឡដែលមានភាពទាក់ទាញរបស់គាត់ដែលមើលទៅហាក់ដូចចេញពីជារឿងព្រេងនិទានផ្ទាល់។ វាជាផ្ទះពណ៌ខៀវជាប់នឹងព្រៃ។
ដោយសារការគាំទ្ររបស់មូលនិធិ CIOMAL កញ្ញា គន្ធី បានទទួលការបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកកាត់ដេរសម្លៀកបំពាក់។