អណ្តាតភ្លើងស្នេហ៍ដំបូងបង្កាត់ឡើងជាថ្មី

អណ្តាតភ្លើងស្នេហ៍ដំបូងបង្កាត់ឡើងជាថ្មី

ពួកគេបានបែកគ្នាអស់រយៈពេលជាយូរ ប៉ុន្តែកញ្ញា ណាញ់ និងលោក បាន បានជួបជុំឡើងវិញកាលពី ៨ ខែមុន បន្ទាប់​ពីឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិត។ កញ្ញា ណាញ់ បានរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ដែលបានធ្វើឲ្យ​នាងកំបុតជើង ហើយខណៈពេលដែលលោក បាន ត្រូវបានបញ្ជូនឲ្យទៅ​ធ្វើសង្គ្រាម​បន្ទាប់ពីរ​បប​ខ្មែរ​ក្រហម ហើយ​បាន​បាត់បង់ជើងក្រោយពីដើរជាន់មីន។

សព្វថ្ងៃនេះ គូស្នេហ៍ពីរនាក់នេះកំពុងរស់នៅជាមួយគ្នាដោយមានកូនពីរនាក់គឺ ពិសី និង ទួណា នៅក្នុង​ផ្ទះ​បណ្តែតទឹកតូចមួយរបស់ពួកគេនៅលើបឹងទន្លេសាប ដែលជាតំបន់នេសាទដ៏សម្បូរជាងគេបំផុតមួយនៅលើពិភព​​​​លោកដែលស្ថិតនៅកណ្តាលប្រទេសកម្ពុជា។ ពួកគេបានជួបគ្នានៅក្នុងខេត្តបាត់ដំបងដែលជាទីក្រុងរ៉ូមែនទិកមួយ។ ពួកគេមិនទាន់អាយុ ២០ ឆ្នាំនៅឡើយ​ទេ​។ វាជាស្នេហាដំបូងគេហើយពួកគេបានសម្រេចចិត្តចងជីវិតរួមគ្នា។ លោក បាន ដឹងថាអនាគត​ប្រពន្ធ​​គាត់បានរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ ប្រទេសកម្ពុជានៅតែមាន​សង្រ្គាម ក្រោយពេលដែល​ប្រ​ទេ​ស​បាន​​ងើបផុតពីអំពើប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតប្រចាំសតវត្សក្រោមរបបប៉ុលពត។ ដោយចូលបម្រើ​ក្នុងជួរ​កងទ័ពរដ្ឋាភិបាល លោក ត្រូវបានបញ្ជូនទៅព្រំដែនភាគខាងជើងក្បែរប្រទេសឡាវ​។ កញ្ញា ណាញ់បាន​ស្នាក់​នៅក្នុងខេត្តបាត់ដំបងដើម្បីមើលថែទាំម្តាយចំណាស់របស់នាង។  បីឆ្នាំក្រោយមក ស្ដ្រីវ័យក្មេងរូបនេះ​ត្រូវបាន​​ជូ​ន​ដំណឹងដោយអ្នកនាំសារថា គូដណ្តឹងរបស់នាងបានស្លាប់។ ដោយមានទុក្ខសោកយ៉ាងខ្លាំង នាងបាន​ធ្វើពិធី​តាម​បែប​សាសនាដើម្បីធានាថាព្រលឹងរបស់មនុស្សជាទីស្រឡាញ់របស់នាងបានទៅកាន់សុគតិ​ភព​។

ប្រាំមួយឆ្នាំកន្លងផុតទៅ។ បុរសកំពុងរើសគូស្រករម្នាក់បានសុំនាងរៀបការ ហើយនាំនាងទៅរស់នៅក្នុង​ភូមិ​អណ្តែតទឹកមួយនៅលើបឹងទន្លេសាប។ កូនពីរនាក់បានកើតចេញពីការរួមរស់នៅជាមួយគ្នារបស់ពួកគេ​ កូន​ស្រី ឈ្មោះ ពិសី មាន​​អាយុ១៤ឆ្នាំ និងកូនប្រុស ទួណា អាយុ៨ឆ្នាំ។ ក្រុមគ្រួសារបានរស់នៅដោយសន្សំសំចៃពី​ការនេសាទ​។ ក៏ប៉ុន្តែ​វាសនាបានវាយប្រហារម្តងទៀត៖ ស្វាមីរបស់ណាញ់មានជំងឺគាំងបេះដូងនៅលើទូក​របស់​គាត់​​បាន​ធ្លាក់​​​​ចូល​ទៅ​ក្នុងទឹក ហើយបានលង់ទឹកស្លាប់។ អ្នកនាង ណាញ់ បានរស់នៅម្នាក់ឯងជាមួយកូនពីរនាក់​របស់​​នាង ហើយ​ដៃ​និងជើង​ឥឡូ​វ​នេះ​​ត្រូ​​វ​បាន​ជំងឺ​ឃ្លង់​ស៊ី។

“ខ្ញុំគួរតែចាកចេញទៅស្វែងរកការព្យាបាលឲ្យបានឆាប់ជាងនេះ។ ប៉ុន្តែម្តាយរបស់ខ្ញុំបានបាត់បង់កូនបីនាក់ក្រោមរបបប៉ុលពត ដូច្នេះគាត់មិនអនុញ្ញាត្តឲ្យខ្ញុំទៅទេព្រោះគាត់ខ្លាចមិនចង់បែកគ្នា។ បន្ទាប់ពីពេលដែលម្តាយខ្ញុំ បាន​ទទួល​មរណភាព ខ្ញុំក៏បានទៅមន្ទីរពេទ្យ។ ខ្ញុំមានអាយុ ២៩ ឆ្នាំហើយកូនរបស់ខ្ញុំបានកើតមក”។ ​ដោយ​សារ​ការ​វះកាត់ចំនួនពីរដងនៅមជ្ឈមណ្ឌល​កៀនឃ្លាំង​ដែលគ្រប់គ្រងដោយមូលនិធិ CIOMAL អវយវៈមួយចំនួនរបស់​នាង​អាចកម្រើកបានឡើងវិញ។ បន្ទាប់មក បុគ្គលិកសង្គមកិច្ចរបស់មូល​និធិ CIOMAL បានផ្តល់ការគាំទ្រ ការអប់រំ​ជាមួយ​នឹងអាហារូបករណ៍ដល់ពិសី កូនស្រីរបស់នាង ។

ស្ត្រីមេម៉ាយពិការវ័យក្មេងបានបន្តនេសាទត្រី។ នៅពេលដែលទឹកឡើងអំឡុងពេលរដូវវស្សា   នាងត្រូវ ប្រឈម​មុខ​នឹងសត្វពស់ សត្វកណ្តុរ និងសត្វល្អិតដទៃទៀតដែលមានជម្រកនៅលើផ្ទះអណ្តែតទឹក។

បន្ទាប់មក​ នៅថ្ងៃមួយខែមេសា ឆ្នាំ២០១៧ ណាញ់ បានដឹងថា ស្នេហ៍គ្រាដំបូងរបស់នាង គឺលោក បាន មិន​ទាន់​ស្លាប់ទេ ហើយកំពុងរស់នៅក្នុងតំបន់មួយក្នុងខេត្តបាត់ដំបង។ លោក បាន បានស្វែងរកនាង ហើយ​ក្រោយ​ពីទទួល​បាន​លេខ​ទូរ​សព្ទ​របស់នាងមក ក៏បន្តទូរសព្ទទៅនាងគ្រប់ពេលវេលា។ គាត់បានប្រាប់នាងថា គាត់បាន​បាត់បង់​ជើង​ម្ខាង​​ក្នុង​អំឡុង​ពេលសង្គ្រាម។ លោក បាន បានរៀបការហើយ ហើយអ្នកនាង ណាញ់ មិនចង់រំខាន​ការ​រស់​នៅ​ជាមួយគ្នា​របស់​​ពួក​គេ​ទេ។ ប៉ុន្តែលោក បាន បាននិយាយជាមួយភរិយារបស់គាត់ ហើយថ្ងៃមួយគាត់​បាន​មក​ដល់​ផ្ទះរបស់​ណាញ់​។ ហើយគាត់មិនបានចាកចេញទៅវិញទេ។

នាងបាននិយាយថា “ខ្ញុំបានជជែកជាមួយប្រពន្ធគាត់ជាច្រើនដង។ “យើងចាត់ទុកគ្នាដូចបងប្អូនស្រីអ៊ីចឹង​។    ខ្ញុំ​​មាន​ឆន្ទៈក្នុងការចែករំលែកលោក បាន ជាមួយគាត់ ប៉ុន្តែលោក បាន មិនចង់ចាកចេញ​ពីខ្ញុំ​ទេ​។ ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរដោយមានគាត់នៅក្បែរខ្ញុំ។ គាត់ជួយខ្ញុំនេសាទត្រី សូម្បីតែគាត់មិនមានបទពិសោធន៍ក៏ដោយ​។ គាត់​​ស្រឡាញ់​​កូនៗរបស់ខ្ញុំ ហើយពួកគេក៏ចាត់ទុកគាត់ជាឪពុករបស់ពួកគេដូចគ្នា។”