ប្រវត្តិសាស្ត្រជំងឺឃ្លង់ដែលមិនទាន់ស្ងប់នៅក្នុងប្រទេសជប៉ុន

ប្រវត្តិសាស្ត្រជំងឺឃ្លង់ដែលមិនទាន់ស្ងប់នៅក្នុងប្រទេសជប៉ុន

ថ្វីបើបច្ចុប្បន្ននេះ មានពន្លឺភ្លើងសញ្ញាមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ និងការរើសអើងចំពោះ មនុស្ស​ដែល​មានជំងឺឃ្លង់ក៏ដោយ ក៏ប្រទេសជប៉ុនបានដឹងពីគ្រាងងឹតពេលដែលមានការដាក់គុក ការធ្វើពលកម្ម​ដោយ​បង្ខំ​ ការ​គ្រៀវ និងការដាក់ទណ្ឌកម្មដោយបំពានគឺជាជោគវាសនារបស់អ្នកដែលរងផលប៉ះពាល់​ដោយជំងឺ  នេះ​។ ខាងក្រោមនេះ​ជា​​ការ​ក្រឡេកមើលព្រឹត្ដិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រជំងឺឃ្លង់ក្នុងប្រទេសជប៉ុនជាមួយ​លោកវេជ្ជបណ្ឌិត ​Tatsuya Tanami នាយកប្រតិបត្តិនៃមូលនិធិជប៉ុន (Nippon Foundation)។

ការរៀបរាប់មួយក្នុងចំណោមការរៀបរាប់ដំបូងពីជំងឺឃ្លង់នៅប្រទេសជប៉ុនមានកាលបរិច្ឆេទតាំងពីសតវត្សទី ៨​។​ នៅ​ក្រោមឱវាទព្រះពុទ្ធសាសនា ជំងឺនេះត្រូវបានគេជឿថា វាបណ្តាលមកពីអំពើអាក្រក់ដែលបាន​ប្រ​ព្រឹត្ត​នៅ​ក្នុងអតីតជាតិ។ មនុស្សជាច្រើនជឿផងដែរថា ជំងឺឃ្លង់គឺជាជំងឺតំណពូជនិងគួរឲ្យខ្មាស់។ អ្នកជំងឺត្រូវលាក់​ខ្លួន ​ឬ​ត្រូវ​បានបដិសេធថាជាជនក្រៅសង្គម។

នៅឆ្នាំ១៨៩៧ នៅទីក្រុងប៊ែកឡាំង សភាអន្ដរជាតិទី១ ស្ដីពីជំងឺឃ្លង់ដែលទើបតែត្រូវបាន​គេ​ទទួល​ស្គាល់​ថាជា​ជំងឺ​ឆ្លងមួយ បានគាំទ្រការដាក់ឲ្យនៅឆ្ងាយដាច់ដោយឡែកដោយបង្ខំ ដើម្បីជាមធ្យោបាយទប់ស្កាត់។ នៅ​ឆ្នាំ​១៩០៧ ប្រទេសជប៉ុនបានអនុម័តច្បាប់មួយ សំដៅលើការដាក់មនុស្សដែលគ្មានផ្ទះសម្បែងដែលកើតជំងឺ​នេះ​នៅក្នុងភូមិមនុស្សឃ្លង់។ នៅឆ្នាំ១៩៣១ ច្បាប់នេះត្រូវបានកែប្រែនិងពង្រីកដល់មនុស្សទាំង​អស់​​ដែល​​រ​ង​ផលប៉ះ​ពាល់​​ដោយសារជំងឺ​ឃ្លង់ ពោលគឺមនុស្សចំនួន ៣០.០០០ នាក់។ ហេតុផលសម្រាប់ការ​សម្រេច​​ចិត្ត​នេះ៖ ដើម្បី​ឈរនៅក្បែរពួកមហាអំណាចលោកខាងលិចជាប្រទេស”លំដាប់ថ្នាក់ទី១” ប្រទេសជប៉ុន​បានជឿ​ថា ខ្លួនត្រូវតែលុប​បំបាត់ធាតុមិនស្អាតរបស់ខ្លួនដែលរួមមានជនរងគ្រោះដោយសារជំងឺឃ្លង់។

អ្វីដែលកើតបន្ទាប់មកទៀតគឺការប្រមាញ់មេធ្មប់។ អាជ្ញាធរមូលដ្ឋានបានតាមប្រមាញ់អ្នកដែលមានជំងឺនេះ និងបានយកពួកគេចេញឆ្ងាយពីគ្រួសាររបស់ពួកគេដោយគ្មានមេត្តា។ នៅពេលដែលពួកគេបានទៅដល់ភូមិមនុស្ស​ឃ្លង់ ពួកគេត្រូវបានគ្រៀវ និងចាត់ទុកដូចជាអ្នកទោស។ ពួកគេត្រូវបង្ខំឲ្យធ្វើពលកម្ម ទទួល​ទណ្ឌកម្មដោយបំពាន ហើយ​អ្នកដែលមិនសហការបានត្រូវគេដាក់នៅក្នុងបន្ទប់ឃុំឃាំង។ បុរសត្រូវគ្រៀវ រីឯ​​​ស្ត្រី​មាន​ផ្ទៃពោះត្រូវ​​រំលូត​កូនចេញ។ នៅឆ្នាំ១៩៤១ ថ្នាំ Promin ត្រូវបានរកឃើញ និងផ្តល់ឲ្យអ្នកជំងឺ​។ ​នៅឆ្នាំ១៩៥៨ ប្រទេស​ជប៉ុន​បាន​ធ្វើជាម្ចាស់ផ្ទះសន្និសីទជំងឺឃ្លង់អន្តរជាតិទី៧។ រដ្ឋជាច្រើនបានប្រកាសថា ពួក​គេ​បានបញ្ចប់ការដាក់ឲ្យនៅ​ឆ្ងាយ​ដាច់ដោយឡែកជាចាំបាច់   ប៉ុន្តែមិនមែនទឹកដីនៃព្រះអាទិត្យរះនោះទេ។

បង្កើតឡើងនៅឆ្នាំ១៩៥១ សហព័ន្ធជាតិអ្នកជំងឺឃ្លង់ បានអំពាវនាវឲ្យមានការកែប្រែច្បាប់ និងទាមទារ សំណង​។ ប៉ុន្តែ​ច្បាប់នេះត្រូវបានលុបចោលត្រឹមតែក្នុងឆ្នាំ១៩៩៦ ដែលមានរយៈពេលជិត ២១ ឆ្នាំមក​ហើយ​។ ទាល់​តែ​ដល់​ឆ្នាំ២០០១ ទើបរដ្ឋាភិបាលបានធ្វើការសុំទោស និងបានផ្តល់សំណង។ សារមន្ទីរជំងឺឃ្លង់ត្រូវបាន​បង្កើត​ឡើង​​នៅទីក្រុងតូក្យូ។ សព្វថ្ងៃនេះ ប្រទេសជប៉ុននៅតែមានភូមិមនុស្សឃ្លង់ចំនួន ១៣ កន្លែង​ដែល​ជា​ទីលំនៅ​របស់​ប្រជា​ជន​ចំនួនជាង ១.៥០០ នាក់ដែលមានអាយុជាមធ្យម ៨៥ ឆ្នាំ។ មនុស្សប្រមាណជាង ៣.០០០ នាក់​ផ្សេង​ទៀត​ដែល​រងផលប៉ះពាល់ដោយសារជំងឺឃ្លង់នេះរស់នៅក្នុងសហគមន៍របស់ពួកគេ។

ចាប់តាំងពីរដ្ឋាភិបាលបានលុបចោលនូវច្បាប់ទប់ស្កាត់ជំងឺឃ្លង់មក រដ្ឋាភិបាលជប៉ុនបានដើរតួនាទី​ឈាន​មុខ​គេ​​នៅ​​កម្រិត​​អន្តរ​ជាតិ។ រដ្ឋាភិបាលបានជួយឲ្យទទួលបានដំណោះស្រាយមួយរបស់មហាសន្និបាតអង្គការ​សហប្រជា​ជាតិ​​ស្តីពីការលុបបំបាត់ការរើសអើងចំពោះមនុស្សដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងសមាជិក​គ្រួសាររបស់​ពួកគេ ដែល​ត្រូវបានអនុម័តនៅខែធ្នូ ឆ្នាំ២០១០។

ប៉ុន្តែអំពើបំពានក្នុងស្រុកនៅតែមាន ដូចជា ឧបទ្ទវហេតុនេះដែលបានធ្វើឲ្យមានព័ត៌មានជាតិនៅប្រទេសជប៉ុន​កាល​​ពីប៉ុន្មានឆ្នាំមុន៖ ក្រុមមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបានបដិសេធមិនឲ្យស្នាក់នៅក្នុង​សណ្ឋាគារ​​មួយ។ ជនរងគ្រោះបានយកករណីរបស់ពួកគេទៅប្តឹងតុលាការហើយក៏បានឈ្នះ។  រដ្ឋាភិបាលជប៉ុន​​បាន​បញ្ជា​​ឲ្យបិទ​ស​ណ្ឋាគារនោះ។ នៅពេលជាមួយគ្នានោះដែរ ខ្សែភាពយន្តប្រឌិតដែលមានចំណងជើងថា An (Sweet Bean) និង​មើលពីភាពលំបាករបស់មនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់បានធ្វើឲ្យមានឥទ្ធិពល​បន្សាប​លើប្រទេស  និង​បានជួយឲ្យសង្គមជប៉ុនបានយល់ដឹងពេញលេញជាលើកដំបូងពីអត្ថិភាពនៃ​ការរើស​អើង​របស់ខ្លួន។

តាមរយៈសកម្មភាពនេះ មូលនិធិ CIOMAL បានចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹ​ង​ការមាក់ងាយ​ចំពោះជំ​ងឺ​ឃ្លង់​នៅទូទាំងពិភពលោក។