រឿងស្នេហានៅបាត់ដំបង
ពួកគេរស់នៅក្នុងផ្ទះតូចមួយធ្វើពីឫស្សី និងឈើ ប្រក់ស័ង្កសី។ ជាដំបូងគ្មានអ្វីបំបែកគូស្វាមីភរិយាស្ងប់ស្ងាត់នេះបានទេ ក្រៅពីអ្នកជិតខាងរបស់ពួកគេដែលរស់នៅជាយក្រុងបាត់ដំបង។ ក៏ប៉ុន្តែ លោក ចាម សំណាង និងភរិយារបស់គាត់ឈ្មោះ ស៊ីម រ៉ា មានរឿងមិនធម្មតាមួយ គឺពួកគេទាំងពីរនាក់រងប៉ះពាល់ដោយសារជំងឺឃ្លង់។ ប៉ុន្តែពួកគេត្រូវកែប្រែជីវិតប្រចាំថ្ងៃរបស់ពួកគេទៅនឹងផលប៉ះពាល់ក្រោយ[ពីជំងឺនេះ] ដែលពួកគេទាំងពីរបន្តរស់នៅជាមួយ។
ស៊ីម រ៉ា មានអាយុតិចជាង ១៧ ឆ្នាំនៅពេលរោគសញ្ញាដំបូងនៃជំងឺនេះ ស្នាមអុចពណ៌ស បានលេចចេញ នៅលើរាងកាយរបស់នាង។ នៅឆ្នាំ១៩៩០ នៅពេលដែលនាងរស់នៅក្នុងខេត្តព្រៃវែង។ ប៉ុន្តែ ១៣ ឆ្នាំក្រោយមក វេជ្ជបណ្ឌិតម្នាក់បានបញ្ជូននាងទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាកៀនឃ្លាំងដែលគ្រប់គ្រងដោយមូលនិធិ CIOMAL និងមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ វាជាទីកន្លែងដែលនាងបានទទួលការវះកាត់ជាច្រើនលើម្រាមដៃរបស់នាងដែលបានក្លាយទៅជាក្រងេងក្រងង់ ព្រមទាំងលើភ្នែករបស់នាង ដោយសារនាងមិនអាចបិទត្របកភ្នែករបស់នាងបានទេ។ ពេលនេះនាងទទួលបានការកម្រើកបានឡើងវិញ ប៉ុន្តែនាងត្រូវប្រុងប្រយ័ត្នខ្លាំងណាស់ ដោយសារផ្នែកសំខាន់ៗនៃជើងនិងដៃរបស់នាងមិនសូវមានអារម្មណ៍ ដែលមានន័យថា ទោះធ្វើឲ្យខ្លួនឯងរលាកឬរងរបួសក៏មិន នាងគ្មានអារម្មណ៍ដឹងដែរ នេះបណ្តាលមកពីជំងឺឆ្លងធ្ងន់ធ្ងរនេះ។
នៅក្នុងមជ្ឈមណ្ឌលកៀនឃ្លាំងដែលនាងបានជួបស្វាមីរបស់នាងឥលូវនេះគឺលោក ចាម សំណាង ដែលត្រូវប្រឈមមុខនឹងផលវិបាកក្រោយជំងឺកាន់តែធ្ងន់ធ្ងរទៀត។ នៅពេលដែលស្នាមអុចពណ៌សលេចចេញនៅលើខ្លួនរបស់គាត់នៅពេលគាត់នៅជាកុមារ គាត់ទទួលបានថ្នាំ penicillin ។ នៅឆ្នាំ១៩៩៥ ពិភពលោកទាំងមូលរបស់គាត់រលាយខ្ទេចអស់នៅពេលដែលរោគវិនិច្ឆ័យត្រូវបានរកឃើញ៖ វាជាជំងឺឃ្លង់ ។ ក្រោយមក មុខរបស់គាត់បានខូច ដៃរបស់គាត់កំបុត ហើយជើងរបស់គាត់សំយុងកម្រើកមិនបានធ្វើឲ្យគាត់មិនអាចដើរបាន។
ឪពុករបស់គាត់បានឮអំពីកៀនឃ្លាំងហើយបានបញ្ជូនគាត់ទៅទីនោះនៅឆ្នាំ២០០០ ។ នៅទីនោះ លោក ចាម សំណាង បានទទួលការវះកាត់ជាច្រើន និងការព្យាបាលអស់រយៈពេល ៥ ឆ្នាំដោយសារគាត់ក៏មានដំបៅជាច្រើននៅលើជើងរបស់គាត់ដែលបានវិវត្តបន្ទាប់ពីគាត់បានរងរបួសនៅពេលកំពុងធ្វើការនៅវាលស្រែ។
ថ្វីបើមានសុខភាពមិនល្អក៏ដោយ ក៏លោក ចាម សំណាង បានសម្គាល់ឃើញ ស៊ឹម រ៉ា ជានារីស្អាត និងស្រគត់ស្រគំ នៅក្នុងសាលមន្ទីរពេទ្យ។ បន្ទាប់មក គាត់បានចាប់ផ្តើមចែចង់នាងដោយការយកចិត្តទុកដាក់។ នៅពេលដំបូង នាងមិនចាប់អារម្មណ៍ ប៉ុន្តែទីបំផុត ស៊ីម រ៉ា ក៏ចុះចាញ់ភាពអត់ធ្មត់ និងសប្បុរសរបស់គាត់។
នៅឆ្នាំ២០០៥ ប្តីប្រពន្ធមួយគូនេះបានតាំងលំនៅឋានក្នុងខេត្តបាត់ដំបង។ កូនប្រុសម្នាក់ឈ្មោះ ចាន់ វិសាល បានកើតដោយការរួមរស់នៅជាមួយគ្នារបស់ពួកគេ។ នៅពេលដំបូង ប្តីប្រពន្ធមួយគូនេះបានរស់នៅជាមួយគ្នាដោយមិនរៀបការ ប៉ុន្តែប្រជាជនកម្ពុជាជឿថា ប្តីប្រពន្ធដែលមិនរៀបការត្រូវខ្មោចចូលសន្ធិត។ ដូច្នេះ នៅពេលដែលគាត់មានលទ្ធភាព លោក ចាម សំណាង បានធ្វើពិធីបែបសាសនាមួយជូនប្រពន្ធរបស់គាត់ដើម្បីកុំឲ្យខ្មោចបីសាចចូល លំនៅឋានរបស់ពួកគេបាន។
ប្តីប្រពន្ធមួយគូនេះកំពុងតែមានកូនមួយទៀតនៅចុងឆ្នាំ២០១៤ ។ អ្នកស្រី ស៊ីម រ៉ា ធ្វើការជាអ្នកសម្អាតនៅមន្ទីរព្យាបាលជំងឺរបេងនៅខេត្តបាត់ដំបងដោយទទួលបាន ១៤០ ដុល្លារក្នុងមួយខែ។ លោក ចាម សំណាង ជាអ្នករត់ម៉ូតូឌុប ដោយរកប្រាក់បានប្រហែល ២,៥ ដុល្លារក្នុងមួយថ្ងៃ។
បុគ្គលិកមូលនិធិ CIOMAL ដែលចុះទៅមើលលោក ចាម សំណាង និងអ្នកស្រី ស៊ីម រ៉ា ជាទៀងទាត់រៀបចំផែនការជួយគ្រួសារដោយឧបត្ថម្ភកូនប្រុសរបស់ពួកគេឲ្យទៅសាលារៀន និងសាងសង់លំនៅឋានឲ្យពួកគេ។