ការលុបបំបាត់ជំងឺឃ្លង់នៅកម្ពុជា៖ផ្លូវមួយពោរពេញទៅដោយឧបសគ្គ
ការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅក្នុងប្រទេសកម្ពុជាបានប្រឈមនឹងឧបសគ្គជាច្រើន ចាប់តាំងពីរបបខ្មែរ ក្រហម (១៩៧៥-១៩៧៩) ។ មុនឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបានគេបញ្ជូនទៅភូមិត្រើងដែលជាភូមិអ្នកជំងឺឃ្លង់ក្នុងខេត្តកំពង់ចាម។ មានតែថ្នាំ Dapsone តែប៉ុណ្ណោះដែលអាចរកបាននៅពេលនោះ ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក ប៉ុន្តែមិនអាចព្យាបាលឲ្យបានជាសះស្បើយ និងបញ្ឈប់ការឆ្លងបានឡើយ។ ក្នុងរបបប៉ុលពត (១៩៧៥-១៩៧៩) ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបានប្រហារជីវិតដោយសារពួកគេត្រូវបានចាត់ទុកថាគ្មានប្រយោជន៍និងមានគ្រោះថ្នាក់ដល់”សង្គមថ្មី”។ ចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម អ្នករស់រានមានជីវិតបានចាប់ផ្តើមត្រលប់ទៅខេត្តដែលជាស្រុកកំណើតរបស់ពួកគេវិញ។ នៅពេលនោះគ្មានការព្យាបាលអ្វីទេ ដោយសារជំងឺឃ្លង់គឺនៅឆ្ងាយពីអាទិភាពនៅក្នុងប្រទេសដែលអ្វីៗ ទាំងអស់ត្រូវការស្ថាបនាឡើងវិញ។ មានតែនៅឆ្នាំ១៩៨៤ ប៉ុណ្ណោះដែលក្រសួងសុខាភិបាលកម្ពុជាដោយមានការគាំទ្រពីមូលនិធិ Order of Malta បានបង្កើតកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ (MDT) ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តជិតៗ។ បន្ទាប់ពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក ការព្យាបាលដែលរួមមានថ្នាំ rifampicin clofazimine និង dapsone ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ព្យាបាលជំងឺឃ្លង់ចាប់តាំងពីឆ្នាំ១៩៨២។ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅតែមានការលំបាកដោយសារតែសង្រ្គាមស៊ីវិលដែលបានបញ្ចប់ត្រឹមតែក្នុងឆ្នាំ ១៩៩៧ នៅពេលដែលបន្ទាយចុងក្រោយរបស់ខ្មែរក្រហមបានចុះចាញ់។
ចាប់តាំងពីឆ្នាំ១៩៩៦ មក មូលនិធិ CIOMAL (យុទ្ធនាការអន្ដរជាតិរបស់ Order of Malta ប្រឆាំងនឹងជំងឺឃ្លង់) បានគាំទ្រកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ដែលនៅក្នុងឆ្នាំ១៩៩៧ ត្រូវបាន ដាក់បញ្ចូលទៅក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងកម្មវិធីប្រយុទ្ធប្រឆាំងជំងឺឃ្លង់ (NCTLC)។ នៅឆ្នាំ២០០០ មូលនិធិ CIOMAL បានបើកមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) នៅរាជធានីភ្នំពេញដែលកត់សម្គាល់នូវរបត់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅកម្ពុជា ។ ដោយមានគ្រែចំនួន ៥០ មន្ទីរពេទ្យនេះបានក្លាយទៅជាមជ្ឈមណ្ឌលនៃឧត្តមភាពដ៍សំខាន់សម្រាប់ការព្យាបាលនៃជំងឺឃ្លង់នៅក្នុងប្រទេស ហើយផ្តល់ជូននូវការថែទាំផ្នែកវេជ្ជសាស្ត្រ និងវះកាត់ដោយឥតគិតថ្លៃ។ ជាមួយនឹងក្រុមការងារកៀនឃ្លាំង រួមមានគ្រូពេទ្យ គ្រូពេទ្យរោគសរីរសាស្ត្រ គិលានុបដ្ឋាក និងបុគ្គលិកសង្គម មូលនិធិ CIOMAL បានបង្កើតនូវវិធីសាស្ត្រពហុជំនាញស្របទៅនឹងធាតុពិតនៃជំងឺឃ្លង់នៅក្នុងប្រទេស៖ ការស្តារនីតិសម្បទាផ្នែករាងកាយ និងសង្គមកិច្ច ការរកឃើញនៅដំណាក់កាលដំបូង យុទ្ធនាការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល និងការទប់ស្កាត់។
ចាប់តាំងពីឆ្នាំ២០១១មក យុទ្ធនាការរកឃើញដំណាក់កាលដំបូងៗ បានធ្វើឲ្យមានលទ្ធភាពដើម្បីពិនិត្យមើលអ្នកភូមិចំនួន ៣២.៧៦០ នាក់ដែលរស់នៅក្នុងតំបន់ជុំវិញនៃប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់នៅក្នុងស្រុកចំនួន ៦៦។ យុទ្ធនាការទាំងនេះបាននាំឲ្យមានការរកឃើញករណីជំងឺឃ្លង់ថ្មីៗជាង ៦០០ ដែលក្នុងនោះមានកុមារលើសពី ៧០ នាក់។ ការប្តេជ្ញាចិត្តចំពោះយុទ្ធនាការទាំងនេះរបស់ដៃគូទាំងអស់ រួមមាន មូលនិធិ Novartis មូលនិធិ CIOMAL អង្គការ LNPE អង្គការសុខភាពពិភពលោក មូលនិធិ NLR មូលនិធិ Order of Malta ប្រទេសបារាំង មូលនិធិ Raoul Follereau បានជំរុញការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅក្នុងប្រទេសកម្ពុជា។