ការលុបបំបាត់ជំងឺឃ្លង់នៅកម្ពុជា៖ផ្លូវមួយពោរពេញទៅដោយឧបសគ្គ

ការលុបបំបាត់ជំងឺឃ្លង់នៅកម្ពុជា៖ផ្លូវមួយពោរពេញទៅដោយឧបសគ្គ

ការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅក្នុងប្រទេសកម្ពុជាបានប្រឈមនឹងឧបសគ្គជាច្រើន ចាប់តាំងពីរបបខ្មែរ ក្រហម (១៩៧៥​​-១៩៧៩) ។ មុនឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសារ​ជំងឺឃ្លង់​ត្រូវបាន​គេ​បញ្ជូន​ទៅ​ភូមិត្រើងដែលជា​ភូមិអ្នកជំងឺឃ្លង់ក្នុងខេត្តកំពង់ចាម។ មានតែថ្នាំ Dapsone តែប៉ុណ្ណោះដែលអាច​រក​បាន​នៅពេលនោះ ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក ប៉ុន្តែមិនអាចព្យាបាលឲ្យបានជាសះស្បើយ និងបញ្ឈប់ការឆ្លង​បានឡើយ​។ ក្នុងរបបប៉ុលពត (១៩៧៥-១៩៧៩) ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបាន​ប្រហារ​ជីវិត​​ដោយសារពួកគេត្រូវបានចាត់ទុកថាគ្មានប្រយោជន៍និងមានគ្រោះថ្នាក់ដល់”សង្គមថ្មី”។ ចាប់តាំងពីឆ្នាំ​១៩៧៩ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម អ្នករស់រានមានជីវិតបានចាប់ផ្តើមត្រលប់ទៅខេត្តដែលជាស្រុក​កំណើត​របស់​ពួក​គេវិញ។ នៅពេលនោះគ្មានការព្យាបាលអ្វីទេ ដោយសារជំងឺឃ្លង់គឺនៅឆ្ងាយពីអាទិភាពនៅក្នុង​ប្រទេស​ដែល​​អ្វីៗ ទាំងអស់ត្រូវការស្ថាបនាឡើងវិញ។ មានតែនៅឆ្នាំ១៩៨៤ ប៉ុណ្ណោះដែលក្រសួងសុខាភិបាល​កម្ពុជា​ដោយ​​មាន​​​ការគាំទ្រពីមូលនិធិ Order of Malta បានបង្កើតកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ការ​ព្យា​បាល​​ដោយ​​​ប្រើ​ប្រាស់​ថ្នាំច្រើនមុខ (MDT) ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត​ជិត​ៗ​។​ បន្ទាប់​ពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក ការព្យាបាលដែលរួមមានថ្នាំ rifampicin clofazimine និង dapsone ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ព្យាបាលជំងឺឃ្លង់ចាប់តាំងពីឆ្នាំ១៩៨២។ ប៉ុន្តែ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឃ្លង់​នៅតែមានការលំបាកដោយសារតែសង្រ្គាមស៊ីវិលដែលបានបញ្ចប់ត្រឹមតែ​ក្នុង​ឆ្នាំ​ ១៩៩៧​​ នៅពេលដែល​បន្ទាយ​ចុង​ក្រោយរបស់ខ្មែរក្រហមបានចុះចាញ់។

ចាប់តាំងពីឆ្នាំ១៩៩៦ មក មូលនិធិ CIOMAL (យុទ្ធនាការអន្ដរជាតិរបស់ Order of Malta ប្រឆាំងនឹងជំងឺឃ្លង់) បាន​​​គាំទ្រកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ដែលនៅក្នុងឆ្នាំ១៩៩៧ ត្រូវបាន ដាក់បញ្ចូលទៅក្នុង​មជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងកម្មវិធីប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ​(NCTLC)។ នៅ​ឆ្នាំ២០០០ មូលនិធិ CIOMAL បានបើកមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) នៅរាជធានី​ភ្នំពេញ​​ដែល​កត់​សម្គាល់​នូវរបត់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់នៅកម្ពុជា ។ ដោយមានគ្រែចំនួន ៥០ មន្ទីរ​ពេទ្យ​នេះបានក្លាយទៅជាមជ្ឈមណ្ឌលនៃឧត្តមភាពដ៍សំខាន់សម្រាប់ការព្យាបាលនៃជំងឺឃ្លង់នៅក្នុងប្រទេស​​ ហើយ​ផ្តល់​ជូននូវការថែទាំផ្នែកវេជ្ជសាស្ត្រ និងវះកាត់ដោយឥតគិតថ្លៃ។ ជាមួយនឹងក្រុមការងារកៀនឃ្លាំង រួម​មាន​គ្រូពេទ្យ គ្រូ​ពេទ្យ​រោគសរីរសាស្ត្រ គិលានុបដ្ឋាក និងបុគ្គលិកសង្គម មូលនិធិ CIOMAL បានបង្កើត​នូវវិធី​សាស្ត្រ​ពហុ​ជំនាញ​​ស្របទៅនឹងធាតុពិតនៃជំងឺឃ្លង់នៅក្នុងប្រទេស៖ ការស្តារនីតិសម្បទាផ្នែករាងកាយ​ និង​សង្គម​កិច្ច ការរក​ឃើញ​​នៅដំណាក់កាលដំបូង យុទ្ធនាការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល និងការទប់ស្កាត់។

ចាប់តាំងពីឆ្នាំ២០១១មក យុទ្ធនាការរកឃើញដំណាក់កាលដំបូងៗ បាន​ធ្វើឲ្យមានលទ្ធភាព​ដើម្បី​ពិនិត្យ​មើលអ្នកភូមិចំនួន ៣២.៧៦០ នាក់ដែលរស់នៅក្នុងតំបន់ជុំវិញនៃប្រជាជនដែលរងផលប៉ះពាល់​ដោយសារ​ជំងឺ​ឃ្លង់​នៅក្នុងស្រុកចំនួន ៦៦។ យុទ្ធនាការទាំងនេះបាននាំឲ្យមានការរកឃើញករណីជំងឺឃ្លង់ថ្មីៗជាង ៦០០ ដែល​ក្នុង​​​នោះ​មានកុមារលើសពី ៧០ នាក់។ ការប្តេជ្ញាចិត្តចំពោះយុទ្ធនាការទាំងនេះរបស់ដៃគូទាំងអស់  រួមមាន មូល​និធិ Novartis មូលនិធិ CIOMAL អង្គការ LNPE អង្គការសុខភាពពិភពលោក មូលនិធិ NLR មូលនិធិ Order of Malta ប្រទេសបារាំង មូលនិធិ Raoul Follereau បានជំរុញការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឃ្លង់​នៅក្នុង​ប្រទេស​កម្ពុជា​