ការប្រយុទ្ធប្រឆាំងរបស់សុភានឹងភាពស្ងប់ស្ងាត់ជុំវិញជំងឺឃ្លង់
“ទោះបីជាយើងរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ក៏ដោយ ក៏យើងមានសិទ្ធិដូចគ្នានឹងមនុស្សដទៃដែរ។ យើងមិនត្រូវអនុញ្ញាតឲ្យខ្លួនយើងត្រូវគេផាត់ចោលនោះទេ។ យើងត្រូវតែការពារខ្លួនយើង ប្រព្រឹត្ត និងធ្វើដូចអ្នកដទៃផ្សេងទៀតដែរ»។ នេះជាអ្វីដែលលោក ឡេង សុភា បានប្រាប់អ្នកជំងឺជាច្រើនដែលបានមកព្យាបាលនៅមជ្ឈមណ្ឌលស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) នៅរាជធានីភ្នំពេញ។
លោក សុភា កាលពីមុនមានជំងឺឃ្លង់ ហើយបានមកមជ្ឈមណ្ឌលស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) នៅឆ្នាំ២០០៣។ នៅទីនោះ គាត់បានទទួលការវះកាត់ជាបន្តបន្ទាប់ ដោយសារភ្នែក ដៃ និងជើងរបស់គាត់បានខូចយ៉ាងធ្ងន់ធ្ងរ។ គាត់មិនដែលចាកចេញទៅវិញទេ។
ដោយមានការរួមបញ្ចូលគ្នាជាពិសេសចរិតសុភាពរាបសារ រឹងមាំ និងដំណោះស្រាយរបស់គាត់ លោក សុភា បានក្លាយជាសសរស្តម្ភផ្នែកសង្គម និងចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលកៀនឃ្លាំង។ ផ្អែកលើភាពរឹងមាំនៃបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ គាត់បានសម្រេចចិត្តជួយអ្នកទាំងនោះដែលដូចជារូបគាត់ទាមទារមកវិញនូវជីវិតរបស់ពួកគេនៅក្នុងពិភពលោកមួយដែលពួកគេបានក្លាយជាជនក្រៅសង្គម។
សព្វថ្ងៃនេះជំងឺឃ្លង់អាចព្យាបាលបានទាំងស្រុង ប៉ុន្តែជំងឺដែលបានរៀបរាប់នៅក្នុងអត្ថបទគម្ពីរនៅតែបង្កឲ្យមានការភ័យស្លន់ស្លោដោយសារតែការមិនបានដឹងជាសមូហភាព។
លោក សុភា ដឹងពីបាតុភូតនេះ។ គាត់កើតនៅក្នុងគ្រួសារក្រីក្រមួយ ហើយត្រូវបានគេបញ្ជូនឲ្យទៅនៅវត្ត តាំងពីក្មេងដើម្បីឲ្យទទួលបានការអប់រំ។ គាត់បានបួសធ្វើសង្ឃ ហើយនៅពេលនោះហើយដែលជំងឺនេះបានលេចឡើងធ្វើឲ្យបុរសវ័យក្មេងម្នាក់នេះអស់សង្ឃឹម។ “ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ។ ខ្ញុំត្រូវគេបដិសេធហើយខ្ញុំរស់នៅដោយឡែកឆ្ងាយពីគេនៅក្នុងបន្ទប់មួយរបស់ខ្ញុំ ព្រោះខ្ញុំលែងមានភាពក្លាហានក្នុងការប្រឈមមុខនឹងពិភពលោកខាងក្រៅហើយ ខ្ញុំចង់តែស្លាប់ទេ”។
ក្នុងអំឡុងពេលស្នាក់នៅរបស់គាត់នៅមជ្ឈមណ្ឌលស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) ជាពេល ដែលលោក សុភា បានគ្រប់គ្រងខ្លួនឯងវិញ ហើយរកឃើញអត្ថន័យថ្មីនៅក្នុងជីវិតរបស់គាត់ដោយផ្តល់ក្តីសង្ឃឹមដល់ អ្នកដទៃដែលមានជំងឺនេះ។ ដូច្នេះ គាត់រៀបចំការធ្វើដំណើរជាមួយពួកគេទៅផ្សារ រោងភាពយន្ត ឬសូម្បីតែដើរលេងនៅមាត់ទន្លេ។ “គោលដៅរបស់ខ្ញុំគឺធ្វើឲ្យមនុស្សមានជំងឺនេះមានមុខមាត់“។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែប្រឈមមុខជាមួយនឹងពិភពលោកខាងក្រៅ និយាយទៅកាន់មនុស្ស រាប់អានមិត្តជាមួយពួកគេ ដើម្បីកុំឲ្យពួកគេភ័យខ្លាច យើងទៀត។ ប៉ុន្តែដំបូង យើងត្រូវតែចាប់ផ្តើមជាមួយនឹងខ្លួនឯងសិន។ ”
ឥឡូវនេះ គាត់បានរៀបការដោយមានកូនបីនាក់ ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និង ជាជំនួយការក្នុងគម្រោងស្តារនីតិសម្បទាសេដ្ឋកិច្ចនិងសង្គមរបស់មូលនិធិ CIOMAL លោក សុភា ត្រូវបានអញ្ជើញឲ្យនិយាយអំពីបទពិសោធន៍របស់គាត់នៅឯសន្និសីទអន្តរជាតិនៅប្រទេសហ្វីលីពីន កោះបាលី និងប្រទេសកូរ៉េខាងត្បូង។ លោកបានពន្យល់ថា “ការរើសអើងមានជាច្រើនទម្រង់បំផុតដែលមិនអាចរំពឹងទុកបាន”។ “ខ្ញុំដឹងមនុស្សដែលប៉ះពាល់ដោយសារជំងឺនេះពីមុនៗមិនអាចចុះសំបុត្រកំណើតកូនៗរបស់ពួកគេបានទេ ដោយសារតែពួកគេមិនមានម្រាមដៃ ដូច្នេះមិនអាចផ្តិតស្នាមមេដៃសម្រាប់ចុះហត្ថលេខាបានទេ”។ ពិការភាពបណ្តាលមកពីជំងឺនេះអាចមានផលប៉ះពាល់ធំធេងណាស់។
“ខ្ញុំប្រយុទ្ធប្រឆាំងដើម្បីការទទួលស្គាល់នូវស្ថានភាពរបស់ប្រជាជនដែលមានជំងឺឃ្លង់នៅទូទាំងពិភពលោក។ ប៉ុន្តែជាដំបូង រដ្ឋាភិបាលរបស់យើងត្រូវតែចូលរួម។”