ការប្រយុទ្ធប្រឆាំងរបស់សុភានឹងភាពស្ងប់ស្ងាត់ជុំវិញជំងឺឃ្លង់

ការប្រយុទ្ធប្រឆាំងរបស់សុភានឹងភាពស្ងប់ស្ងាត់ជុំវិញជំងឺឃ្លង់

ទោះបីជាយើងរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ក៏ដោយ ក៏យើងមានសិទ្ធិដូចគ្នានឹងមនុស្សដទៃ​ដែរ​។ យើង​មិន​​ត្រូវអនុញ្ញាតឲ្យខ្លួនយើងត្រូវគេផាត់ចោលនោះទេ។ យើងត្រូវតែការពារខ្លួនយើង ប្រព្រឹត្ត និងធ្វើដូច​អ្នក​​ដទៃ​ផ្សេងទៀតដែរ»។ នេះជាអ្វីដែលលោក ឡេង សុភា បានប្រាប់អ្នកជំងឺជាច្រើនដែលបានមក​ព្យាបាល​នៅ​មជ្ឈ​មណ្ឌល​​ស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) នៅរាជធានីភ្នំពេញ។

លោក សុភា កាលពីមុនមានជំងឺឃ្លង់ ហើយបានមកមជ្ឈ​មណ្ឌល​ស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) នៅ​ឆ្នាំ២០០៣។ នៅទីនោះ គាត់បានទទួលការវះកាត់ជាបន្តបន្ទាប់ ដោយសារភ្នែក ដៃ និងជើង​របស់​គាត់​​បាន​ខូច​​​យ៉ាង​ធ្ងន់ធ្ងរ។ គាត់មិនដែលចាកចេញទៅវិញទេ។

ដោយមានការរួមបញ្ចូលគ្នាជាពិសេសចរិតសុភាពរាបសារ រឹងមាំ និងដំណោះស្រាយរបស់គាត់ លោក  សុភា បានក្លាយជាសសរស្តម្ភផ្នែកសង្គម និងចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលកៀន​ឃ្លាំង។ ផ្អែកលើភាព​រឹង​មាំ​​នៃ​បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ គាត់បានសម្រេចចិត្តជួយអ្នកទាំងនោះដែលដូចជារូបគាត់ទាមទារមកវិញ​នូវ​ជីវិត​របស់ពួកគេនៅក្នុងពិភពលោកមួយដែលពួកគេបានក្លាយជាជនក្រៅសង្គម។

សព្វថ្ងៃនេះជំងឺឃ្លង់អាចព្យាបាលបានទាំងស្រុង   ប៉ុន្តែជំងឺដែលបានរៀបរាប់នៅក្នុងអត្ថបទគម្ពីរ​នៅតែបង្កឲ្យ​​មាន​​ការ​ភ័យស្លន់ស្លោដោយសារតែការមិនបានដឹងជាសមូហភាព។

លោក សុភា ដឹងពីបាតុភូតនេះ។ គាត់កើតនៅក្នុងគ្រួសារក្រីក្រមួយ ហើយត្រូវបានគេបញ្ជូនឲ្យ​ទៅ​នៅវត្ត​ ​​តាំងពីក្មេង​ដើម្បីឲ្យទទួលបានការអប់រំ។ គាត់បានបួសធ្វើសង្ឃ ហើយនៅពេលនោះហើយដែលជំងឺនេះបាន​លេច​ឡើងធ្វើឲ្យបុរសវ័យក្មេងម្នាក់នេះអស់សង្ឃឹម។ “ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ។ ខ្ញុំត្រូវគេបដិសេធ​ហើយខ្ញុំ​រស់​នៅ​ដោយឡែកឆ្ងាយពីគេនៅក្នុងបន្ទប់មួយរបស់ខ្ញុំ ព្រោះខ្ញុំលែងមានភាពក្លាហានក្នុងការប្រឈមមុខនឹងពិភព​លោក​ខាង​ក្រៅហើយ ខ្ញុំចង់តែស្លាប់ទេ”។

ក្នុងអំឡុងពេលស្នាក់នៅរបស់គាត់នៅមជ្ឈ​មណ្ឌល​ស្តារនីតិសម្បាទាជំងឺឃ្លង់កៀនឃ្លាំង (KKRLC) ជាពេល ​ដែល​លោក សុភា បានគ្រប់គ្រងខ្លួនឯងវិញ ហើយ​រក​ឃើញអត្ថន័យថ្មីនៅក្នុងជីវិតរបស់គាត់ដោយផ្តល់ក្តីសង្ឃឹមដល់ ​អ្នក​ដទៃ​ដែល​មានជំងឺ​នេះ។ ដូច្នេះ គាត់រៀប​ចំ​ការ​ធ្វើដំណើរជាមួយពួកគេទៅផ្សារ រោងភាពយន្ត ឬសូម្បីតែ​ដើរលេង​នៅ​មាត់ទន្លេ។ គោលដៅរបស់ខ្ញុំគឺធ្វើឲ្យមនុស្សមានជំងឺនេះមានមុខមាត់ ដើម្បីធ្វើដូច្នេះ យើងត្រូវតែ​ប្រឈម​មុខ​ជាមួយនឹងពិភពលោកខាងក្រៅ និយាយ​ទៅ​កាន់មនុស្ស​ រាប់អានមិត្តជាមួយពួកគេ ដើម្បីកុំឲ្យ​ពួក​គេ​ភ័យខ្លាច យើង​ទៀត​។ ប៉ុន្តែដំបូង យើងត្រូវតែចាប់​ផ្តើមជាមួយនឹងខ្លួនឯងសិន។ ”

ឥឡូវនេះ គាត់បានរៀបការដោយមានកូនបីនាក់ ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និង ជា​ជំនួយការ​ក្នុងគម្រោងស្តារនីតិសម្បទាសេដ្ឋកិច្ចនិងសង្គមរបស់មូលនិធិ CIOMAL លោក សុភា   ត្រូវបានអញ្ជើញ​ឲ្យ​និយាយ​អំពីបទពិសោធន៍របស់គាត់នៅឯសន្និសីទអន្តរជាតិនៅប្រទេសហ្វីលីពីន កោះបាលី និងប្រទេសកូរ៉េ​ខាង​ត្បូង​​។ លោកបានពន្យល់ថា “ការរើសអើងមានជាច្រើនទម្រង់បំផុតដែលមិនអាចរំពឹងទុកបាន”។ “ខ្ញុំដឹងមនុស្ស​ដែល​​​ប៉ះ​ពាល់ដោយសារជំងឺនេះពីមុនៗមិនអាចចុះសំបុត្រកំណើតកូនៗរបស់ពួកគេបានទេ ដោយសារតែពួកគេ​មិន​​មាន​​ម្រាមដៃ ដូច្នេះមិនអាចផ្តិតស្នាមមេដៃសម្រាប់ចុះហត្ថលេខាបានទេ”។ ពិការភាពបណ្តាលមកពីជំងឺនេះ​អាចមាន​ផល​ប៉ះពាល់ធំធេងណាស់។

“ខ្ញុំប្រយុទ្ធប្រឆាំងដើម្បីការទទួលស្គាល់នូវស្ថានភាពរបស់ប្រជាជនដែលមានជំងឺឃ្លង់នៅទូទាំងពិភពលោក។ ប៉ុន្តែជាដំបូង រដ្ឋាភិបាលរបស់យើងត្រូវតែចូលរួម។”